មូលដ្ឋានគ្រឹះនៃការសិក្សាព្រះគម្ពីរ៖

កំណត់អត្ថបទគម្ពីរ1 

សរសេរដោយ ឡូ អេនណា

ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦

[អានជាPDF]


ខ្ញុំរួមបញ្ចូល«កំណត់អត្ថបទគម្ពីរ»ក្នុងមូលដ្ឋានគ្រឹះនៃរបៀបសិក្សាព្រះគម្ពីរពីព្រោះខ្ញុំឃើញថា ចំណុចមួយនៅក្នុងចំណុចជាច្រើនដែលគួរឱ្យគិតពិចារណានៅក្នុងការកាត់ស្រាយព្រះគម្ពីរ គឺមិនបានកំណត់អត្ថបទគម្ពីរឱ្យបានត្រឹមត្រូវ។ ការនេះកើតមានឡើង ជាពិសេសនៅក្នុងសេចក្តីអធិប្បាយ ប៉ុន្តែក៏កើតមានឡើងក្នុងការដែលលើកយកព្រះគម្ពីរមកគាំទ្រ ឬបដិសេធគំនិតអ្វីមួយ ឬក៏នៅក្នុងស្ថានភាពផ្សេងៗផងដែរ។ ការនេះកើតមានឡើងប្រហែលដោយសារពេលវេលាមានកំណត់ ក៏អាចដោយសារបងប្អូនបានយោងឯកសារផ្សេង ដែលមិនបានកាត់ស្រាយអត្ថបទគម្ពីរនោះឱ្យបានត្រឹមត្រូវតាំងពីដំបូងមក។

ការដែលកំណត់អត្ថបទគម្ពីរមិនបានត្រឹមត្រូវអាចនាំឱ្យអ្នកកាត់ស្រាយមិនបានយល់សារនៃបទគម្ពីរមួយឱ្យបានពេញលេញ​ ឬក៏យ៉ាងហោចណាស់អាចនាំឱ្យអ្នកកាត់ស្រាយមិនបានកាត់ស្រាយបទគម្ពីរនោះដោយមានប្រសិទ្ធភាព។ ឧទាហរណ៍៖ ខ្ញុំធ្លាប់ស្តាប់សេចក្តីអធិប្បាយមួយ ដែលចែកចាយអំពីព្រះគម្ពីររ៉ូម ១:២៩–៣១ និងកាឡាទី ៥:១៩–២១។​ ចំណងជើងរបស់សេចក្តីអធិប្បាយនោះ គឺ «តើអ្វីជាឫសគល់នៃអំពើបាប?»  នេះមិនមែនជាចំណងជើងដែលមិនល្អនោះទេ តាមពិតចំណងជើងនេះបានទាក់ទាញបងប្អូនតាមដានការបង្រៀននៅក្នុងសេចក្តីអធិប្បាយនោះ។ ចំណុចដែលគួរគិតពិចារណាគឺថា  អត្ថបទគម្ពីរដែលអ្នកអធិប្បាយបានកំណត់នោះ មិនបានផ្តល់ចម្លើយសម្រាប់ចំណងជើងនោះទេ។ ទីបំផុត នៅក្នុងសេចក្តីអធិប្បាយរបស់គាត់ អ្នកអធិប្បាយបានលើកមកនិយាយអំពីបទគម្ពីរផ្សេងៗនៅក្នុងកណ្ឌគម្ពីរផ្សេងៗ នាំឱ្យសេចក្តីអធិប្បាយរបស់គាត់មានលក្ខណៈច្របូកច្របល់។ ប៉ុន្តែ បើយើងអានប៉ុន្មានខមុននឹងបទគម្ពីរដែលគាត់បានជ្រើសរើស យើងនឹងឃើញថា ចម្លើយគឺនៅក្នុងព្រះគម្ពីររ៉ូម ១:២៨ និងកាឡាទី ៥:១៦–១៨។ បើយើងអានបទគម្ពីរកាន់តែច្រើន ឧទាហរណ៍ថា ព្រះគម្ពីររ៉ូមជំពូក១ទាំងមូល និងព្រះគម្ពីរកាឡាទីជំពូក៥ទាំងមូល យើងនឹងឃើញថា អ្នកនិពន្ធតាមពិតបានព្យាយាមឆ្លើយសំណួរនៅក្នុងចំណងជើងនោះតាមរបៀបខ្លះៗ។ ដូច្នេះ នៅក្នុងករណីនេះ បើយើងសិក្សាបទគម្ពីរដោយមានការកំណត់អត្ថបទត្រឹមត្រូវ យើងអាចនឹងមានការកាត់ស្រាយកាន់តែត្រឹមត្រូវ ហើយមានសេចក្តីអធិប្បាយកាន់ដែលផ្តោតច្បាស់លាស់ជាងមុន។

ស្រដៀងនឹងគ្នា ការដែលយើងដកចេញអត្ថបទមួយចេញពីអត្ថបទដែលយើងសិក្សានោះ ក៏អាចនាំឱ្យមានការកាត់ស្រាយដែលមិនត្រឹមត្រូវដែរ។ ឧទាហរណ៍៖ ខ្ញុំធ្លាប់ស្តាប់សេចក្តីអធិប្បាយមួយដែលចែកចាយអំពីព្រះគម្ពីរម៉ាថាយ ១៦:១–៤ និង ១៦:១៣–១៩។ ចំណងជើងរបស់សេចក្តីអធិប្បាយនោះគឺ «ឱព្រះអម្ចាស់អើយ! សូមបង្ហាញការអស្ចារ្យមួយឱ្យខ្ញុំឃើញ!»។ ស្ថានភាពនៅពេលនោះគឺថា នៅហុងកុង មានអគ្គិភ័យដ៏ធ្ងន់ធ្ងរមួយបានកើតឡើង ហើយមានមនុស្សជាច្រើនបានស្លាប់។ អ្នកអធិប្បាយនោះផ្តោតលើគំនិតមួយថា ការអស្ចារ្យរបស់ព្រះមិនមែនដូចនឹងការអស្ចារ្យដែលយើងរំពឹងទុកនោះទេ។ គាត់សង្កត់ធ្ងន់ថា ការអស្ចារ្យរបស់ព្រះមិនមែនសំដៅលើការផ្លាស់ប្តូរដែលលើសពីធម្មជាតិនោះទេ វាគឺសំដៅលើការផ្លាស់ប្តូរចិត្តគំនិតរបស់មនុស្សវិញ។ ប៉ុន្តែ បើយើងអានខ៥–១២ យើងនឹងមើលឃើញថា ព្រះយេស៊ូវតាមពិតបានលើកមកមានបន្ទូលទាក់ទងនឹងនំប៉័ងប្រាំដុំ និងត្រីពីរ ដែលមានលក្ខណៈលើសពីធម្មជាតិដែរ។ លើសពីនេះទៅទៀត បើយើងកាត់ស្រាយព្រះគម្ពីរម៉ាថាយទាំងមូល យើងនឹងមានការយល់ដឹងចំពោះសារនៃអត្ថបទគម្ពីរនេះ ដែលមិនគ្រាន់តែទាក់ទងនឹងការអស្ចារ្យ ក៏ទាក់ទងនឹងអត្តសញ្ញាណរបស់ព្រះយេស៊ូវ និងការឆ្លើយតបរបស់មនុស្ស រួមទាំងការឆ្លើយតបរបស់អ្នកដឹកនាំ។

ដើម្បីកំណត់អត្ថបទគម្ពីរឱ្យបានត្រឹមត្រូវ យើងត្រូរយកចិត្តទុកដាក់សិក្សាថា៖

• តើមានពាក្យ ឬឃ្លាណាមួយបង្ហាញអំពីការចាប់ផ្តើម និងការបញ្ចប់នៃអត្ថបទមួយឬទេ?

• តើរឿង ឬការបង្រៀននោះបានបញ្ចប់ពេញលេញឬទេ?

អ្នកកាត់ស្រាយដែលចេះភាសាហេព្រើរនិងភាសាក្រិកប្រហែលជាអាចមានភាពងាយស្រួលជាងនៅក្នុងកិច្ចការនេះ ពីព្រោះគេអាចអានពាក្យពេចន៍ជាក់លាក់ដែលអ្នកនិពន្ធបានប្រើប្រាស់។ គេក៏អាចអានព្រះគម្ពីរភាសាហេព្រើរ និងភាសាក្រិកដើម្បីបានគំនិតទាក់ទងនឹងការបែងចែកអត្ថបទផងដែរ។ បងប្អូនដែលមិនទាន់ចេះភាសាហេព្រើរ និងភាសាក្រិក​ អាចអានព្រះគម្ពីរភាសាខ្មែរ ឬអង់គ្លេស ដើម្បីបានគំនិតខ្លះៗ។ ការបែងចែកកថាខណ្ឌនៅក្នុងព្រះគម្ពីរទាំងនេះអាចជាឯការសារយោងមួយសម្រាប់កាត់ស្រាយព្រះគម្ពីរ។ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ យើងត្រូវមានការប្រុងប្រយ័ត្នថា ការបែងចែកទាំងនោះអាចមានលក្ខណៈមិនត្រឹមត្រូវដែរ។ ដើម្បីធ្វើការកំណត់អត្ថបទគម្ពីរឱ្យបានត្រឹមត្រូវសម្រាប់សិក្សាបន្តទៀត យើងត្រូវយកចិត្តទុកដាក់មើលពាក្យឬឃ្លាខ្លះៗ។

ជាទូទៅ ពាក្យឬឃ្លាដែលអាចបង្ហាញអំពីការចាប់ផ្តើមនៃអត្ថបទថ្មីមួយគឺមានដូចជា៖

ឯ/រីឯ/ឥឡូវនេះ ក្រោយការទាំងនោះមក ក្រោយនោះមក ព្រះបន្ទូលនៃព្រះយេហូវ៉ាមកដល់ខ្ញុំថា បងប្អូនអើយ ខាងឯ.../ចំណែកឯ ។ល។

ជាមួយនឹងគ្នា មានពាក្យឬឃ្លាខ្លះៗអាចបង្ហាញអំពីការបន្តនៃអត្ថបទមួយ។ បើបងប្អូនមើលឃើញពាក្យឬឃ្លាទាំងនេះ បងប្អូនត្រូវពិចារណាអំពីការដែលរាប់ចូលអត្ថបទមុននិងអត្ថបទក្រោយសម្រាប់ការកាត់ស្រាយរបស់បងប្អូន។ ពាក្យឬឃ្លាទាំងនេះមានដូចជា៖

ដូច្នេះ ដ្បិត/ពីព្រោះ ប៉ុន្តែ ។ល។

ខ្ញុំសរសេរម្តងហើយម្តងទៀតថា «អាច» ពីព្រោះពាក្យនិងឃ្លាទាំងនោះ ពេលខ្លះមានមុខងារជាឈ្នាប់មួយ ដែលបង្ហាញអំពីការផ្លាស់ប្តូរពីអត្ថបទមុនទៅអត្ថបទក្រោយ មានន័យថា ពាក្យនិងឃ្លាទាំងនោះមានលក្ខណៈបង្ហាញអំពីការបញ្ចប់នៃអត្ថបទមុនផង និងការចាប់ផ្តើមនៃអត្ថបទខាងក្រោមផង។ ដូច្នេះ យើងត្រូវការស្វែងរកទាំងពាក្យឬឃ្លាដែលមានលក្ខណៈដូច្នេះ និងមាតិកានៃបទគម្ពីរនោះ ដើម្បីធ្វើការសម្រេចចិត្តអំពីដែនកំណត់របស់អត្ថបទគម្ពីរមួយ។

លើសពីនេះទៅទៀត កណ្ឌគម្ពីរផ្សេងអាចប្រើពាក្យផ្សេងដើម្បីបង្ហាញអំពីការចាប់ផ្តើមនៃអត្ថបទថ្មី។ ឧទាហរណ៍ ព្រះគម្ពីរលោកុប្បត្តិប្រើពាក្យថា  תּוֹלֵדוֹת (អានថា ថូលេដូត ដែលមានន័យថា ជំនាន់ ពង្សាវតារ ការបន្តកំណើត)2 ដើម្បីបង្ហាញអំពីការចាប់ផ្តើមនៃផ្នែកនីមួយៗ។ ដូច្នេះ ទម្លាប់ល្អក្នុងការដែលសិក្សាព្រះគម្ពីរគឺអានអត្ថបទគម្ពីរនៅជុំវិញកាន់តែច្រើនកាន់តែល្អ។ ហើយការនេះនឹងនាំឱ្យយើងចូលទៅកិច្ចការមួយទៀតនៅក្នុងមូលដ្ឋានគ្រឹះនៃរបៀបកាត់ស្រាយព្រះគម្ពីរ គឺសិក្សាបរិបទនៅជុំវិញអត្ថបទ ដែលខ្ញុំនិងពន្យល់នៅក្នុងអត្ថបទក្រោយៗមក។

សម្រាប់ការកំណត់អត្ថបទគម្ពីរវិញ ខ្ញុំចង់ផ្តល់ឧទាហរណ៍ពីរដើម្បីបង្ហាញឱ្យបងប្អូនយល់ថា នៅពេលដែលយើងកំណត់អត្ថបទគម្ពីរមួយ យើងត្រូវយកចិត្តទុកដាក់អំពីអ្វីខ្លះ។ បងប្អូនក៏អាចចាត់ទុកថា ឧទាហរណ៍ទាំងពីរនេះជាលំហាត់ មានន័យថាបងប្អូនសាកល្បងធ្វើការកំណត់អត្ថបទគម្ពីរដែលខ្ញុំផ្តល់នៅក្នុងឧទាហរណ៍នីមួយៗដោយខ្លួនឯងសិន បន្ទាប់មកចាំអានការពន្យល់របស់ខ្ញុំ ដើម្បីយល់អំពីកិច្ចការនេះថែមទៀត។

ឧទាហរណ៍ទី១៖ ១ ពង្សាវតារក្សត្រ ១៧–១៨

ពីរជំពូកនេះសរសេរអំពីរឿងខ្លះៗដែលបងប្អូនជាច្រើនបានស្គាល់ ដូចជាការអស្ចារ្យទាក់ទងនឹងម្សៅនិងប្រេងរបស់ស្ត្រីមេម៉ាយ ការរស់ឡើងវិញរបស់កូនគាត់ និងការប្រយុទ្ធរវាងលោកអេលីយ៉ានិងពួកហោរារបស់ព្រះបាល។ តាមធម្មតា បើយើងចង់ធ្វើការសិក្សា ឬកាត់ស្រាយ ប្រហែលជាយើងគ្រាន់តែយករឿងនីមួយៗមក តាមកថាខណ្ឌដែលព្រះគម្ពីររបស់យើងបានបែងចែក។ ហើយបើយើងវិភាគពីរជំពូកនេះតាមការណែនាំរបស់ខ្ញុំនៅខាងលើ យើងក៏អាចមើលឃើញមានពាក្យខ្លះៗដែលអាចបង្ហាញអំពីការចាប់ផ្តើមថ្មីនៃផ្នែកខ្លះ រួមមានទាំង ១៧:៨ (នោះព្រះយេហូវ៉ាក៏មកបង្គាប់លោកថា) ១៧:១៧ (ក្រោយនោះមក) និង១៨:១ (កាលកន្លងមកជាយូហើយ)។ ប៉ុន្តែ បើយើងអានសាច់រឿងទាំងអស់ឱ្យបានលម្អិត យើងអាចមើលឃើញថា រឿងទាំងនោះគឺមានការទំនាក់ទំនងយ៉ាងជិតស្និទ្ធ។

១៧:១–៧ គឺជាបរិបទរបស់រឿងក្រោយៗមក រួមទាំងរឿងនៅក្នុងជំពូក១៨។ វាដូចជាផ្ទៃខាងក្រោយមួយដ៏ធំសម្រាប់ជំពូកទាំងពីរ។ ១៧:៨–១៦ និង១៧:១៧–២៤ ប្រហែលអាចជាអត្ថបទពីរផ្សេងគ្នា។ តាមពិត តាមគម្ពីរភាសាហេព្រើរមានសញ្ញាមួយបន្ទាប់ពីខ១៦ ដែលបង្ហាញថាអត្ថបទពីនោះអាចមានការបែងចែកពីគ្នាខ្លះៗ ហើយក៏មានអ្នកប្រាជ្ញគិតថា ១៧:១៧–២៤ គឺជាអត្ថបទដែលអ្នកកែសម្រួលបន្ថែមនៅសម័យក្រោយដែរ។3  ប៉ុន្តែដោយសារពាក្យដំបូងនៃ១៧:១៧ (ក្រោយនោះមក) មានលក្ខណៈដូចជាភ្ជាប់រឿងមុន និងរឿងបន្ទាប់ជាមួយគ្នា4  ហើយសាច់រឿងទាំងពីរក៏និយាយអំពីការឆ្លើយឆ្លងរវាងលោកអេលីយ៉ានិងស្ត្រីម្នាក់ ដូច្នេះបើកាត់ស្រាយអត្ថបទទាំងពីរនេះជាមួយគ្នា នឹងនាំឱ្យយើងមានការយល់ដឹងអំពីអត្ថបទទាំងមូលឱ្យបានប្រសើរជាង។

ជំពូក១៨ ត្រូវសិក្សាដោយមានការគិតពិចារណាអំពីជំពូក១៧ (ដែលចាប់ដើមដោយនិយាយអំពីស្តេចអ័ហាប់ និងការរាំងស្ងួត) ​ឬសម្បីតែ ១៦:២៩–៣៤ (ដែលនិយាយអំពីការដែលស្តេចអ័ហាប់ធ្វើតាមអំពើបាបរបស់ស្តេចយេរ៉ូបោម) ឬ ១២:២០–១៤:២០  (ដែលនិយាយអំពីស្តេចយេរ៉ូបោម)។ ត្រូវសម្គាល់ថា ជំពូកនេះដូចជាមិនមានពាក្យឬឃ្លាដែលបង្ហាញថាមានការចាប់ផ្តើមផ្នែកតូចៗទៀតនោះទេ ទោះបីជាមានអ្នកប្រាជ្ញគិតថា ១៩:១៩–៤០ ជាអត្ថបទដែលបន្ថែមនៅសម័យក្រោយមកក៏ដោយ។5 

ឧទាហរណ៍ទី២៖ ១ កូរិនថូស ១១–១២

នៅក្នុងពីរជំពូកនេះ អត្ថបទដែលបងប្អូនស្តាប់បានច្រើនជាងគេនៅក្នុងពួកជំនុំប្រាកដជា ១១:២៣–២៦ ដែលនិយាយអំពីពិធីលៀងព្រះអម្ចាស់។ ប៉ុន្តែ សាររបស់បទគម្ពីរនេះគឺជាប់ពាក់ព័ន្ធយ៉ាងខ្លាំងជាមួយនឹងអត្ថបទនៅជុំវិញ។ គួរឱ្យសម្គាល់ថា ការដែលព្រះគម្ពីរភាសាខ្មែររាប់ ១១:១ ជាខបញ្ចប់នៃអត្ថបទមុននៅក្នុងជំពូក១០ គឺធ្វើតាមព្រះគម្ពីរភាសាក្រិក។ ប៉ុន្តែ នៅ១១:២ ក្រាំងគម្ពីរភាសាក្រិកដែលអ្នកប្រាជ្ញាភាគច្រើនទទួលស្គាល់នោះគឺគ្មានពាក្យថា «បងប្អូនអើយ» ដូចគម្ពីរបរិសុទ្ធដែលបោះពុម្ពផ្សាយនៅឆ្នាំ១៩៦២ (មុនដំបូងបកប្រែនៅឆ្នាំ១៩៥៤) និងព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន (ឆ្នាំ២០០៥) បានបកប្រែនោះទេ ទោះបីជាមានក្រាំងគម្ពីរភាសាក្រិកផ្សេងទៀតមានពាក្យដូច្នេះក៏ដោយ។6   

ទោះជាយ៉ាងនេះក៏ដោយ ១១:២ គឺចាប់ផ្តើមដោយពាក្យថា «ខ្ញុំសរសើរអ្នករាល់គ្នា» ដែលមានលក្ខណៈផ្ទុយពី ១១:១៧ ដែលមានពាក្យថា «ខ្ញុំមិនសរសើរអ្នករាល់គ្នាទេ»។ ហើយ១១:១៧ ក៏ចាប់ផ្តើមពីពាក្យមួយដែលបង្ហាញអំពីផ្នែកថ្មីដែរ គឺពាក្យដែលគម្ពីរភាសាខ្មែរបកថា «ខាងឯ» (ឆ្នាំ១៩៥៤)​ «ក្រៅពី» (ឆ្នាំ២០០៥) ឬ«ប៉ុន្តែ» (ឆ្នាំ២០១៦) ហើយនៅក្នុងគម្ពីរភាសាក្រិក គឺ τοῦτο δὲ (អានថា ទួធឺ ដេ) ដែលអាចបកថា «ឥឡូវនេះ ប៉ុន្តែ»។ នៅទីនេះ ខ្ញុំសូមបញ្ជាក់ថា ១១:២ ក៏ចាប់ផ្តើមដោយមានឈ្នាប់មួយ «ប៉ុន្តែ» [δὲ (អានថា ដេ)] នៅក្នុងភាសាក្រិកដែរ ប៉ុន្តែដោយព្រោះឈ្នាប់នេះមានលក្ខណៈស្រាលក្នុងការបង្ហាញអំពីភាពផ្ទុយគ្នា ដូច្នេះ ជួនកាលអ្នកបកប្រែព្រះគម្ពីរមិនបកប្រែពាក្យនេះចេញមកទេ ដូចអ្វីដែលបងប្អូនអាចមើលឃើញនៅក្នុងគម្ពីរភាសាខ្មែរ។

នៅពេលដែល១១:១៧–២២មានទំនាក់ទំនងយ៉ាងជិស្និទ្ធដោយលក្ខណៈផ្ទុយជាមួយនឹង១១:២–១៦ ១១:១៧–២២ ក៏មានលក្ខណៈជាសេចក្តីផ្តើមដ៏សំខាន់សម្រាប់១៧:២៣–២៦ផងដែរ ដែលនិយាយអំពីពិធីលៀងព្រះអម្ចាស់។ នៅក្នុង ១៧:២៣ ពាក្យដំបូង «ដ្បិត» (ឆ្នាំ១៩៥៤ ឆ្នាំ២០១៦) ឬ «រីឯ» (ឆ្នាំ ២០០៥) [ភាសាក្រិកគឺ γὰρ (អានថា ការ)] ដែលមានអត្ថន័យផ្សេងៗ ដូចជា ពីព្រោះ ដ្បិត ជាដើម)។7 ពាក្យនេះបង្ហាញថា អត្ថបទខាងក្រោមគឺពន្យល់អំពីអត្ថបទខាងលើ។ ១១:២៧–៣៤ ក៏មានលក្ខណៈស្រដៀងគ្នាដែរ។ ១១:២៧ ចាប់ផ្តើមដោយឈ្នាប់មួយថា «បានជា» (ឆ្នាំ ១៩៥៤) «ហេតុនោះ» (ឆ្នាំ ២០០៥) ឬ «ដូច្នេះ» (ឆ្នាំ ២០១៦) ដែលបង្ហាញថា អត្ថបទខាងក្រោមគឺពន្យល់ពីអ្វីដែលសរសេរនៅខាងលើបន្តទៀត។ បើយើងអានមាតិការបស់វា យើងនឹងឃើញថា ១១:២៧–៣៤ គឺពន្យល់បន្តទៀតអំពីការអនុវត្តន៍ពិធីលៀងព្រះអម្ចាស់។

យើងអាចនិយាយថា ជំពូក១២ ក៏ជាការបង្រៀនដែលអភិវឌ្ឍបន្តទៀតអំពីពិធីលៀងព្រះអម្ចាស់ដែរ។ ប៉ុន្តែពាក្យថា «បងប្អូនអើយ» នៅក្នុង ១២:១ អាចបង្ហាញថា ជំពូកនេះគឺនិយាយអ្វីដែលឯករាជ្យពីជំពូក១១បន្តិច។ ទោះជាយ៉ាងនេះក៏ដោយ ពិធីលៀងព្រះអម្ចាស់នៅតែជាបរិបទមួយដែលចាំបាច់សម្រាប់យល់ពីជំពូក១២ដែរ។ ជាចុងក្រោយ បើយើងយកចិត្តទុកដាក់អានចុងបញ្ចប់នៃជំពូក១២ យើងនឹងឃើញថា សេចក្តីបង្រៀននៅក្នុងជំពូកនេះគឺមិនទាន់ចប់នោះទេ។ អ្នកនិពន្ធនឹងពន្យល់បន្តទៀតនៅក្នុងជំពូក១៣។

លេខយោង

1 អត្ថបទនេះ គឺខ្ញុំកែសម្រួលចេញពីមេរៀនដែលខ្ញុំធ្លាប់បង្រៀនដល់និស្សិតថ្នាក់អនុបណ្ឌិតព័ន្ធកិច្ចគ្រីស្ទាននៅឆ្នាំ២០២៤–២០២៦។

2 “תּוֹלֵדוֹת,” Hebrew and Aramaic Lexicon of the Old Testament (HALOT), 1699។

3 Simon J. Devries, 1 Kings, 2nd ed., WBC 12 (Nashville: Thomas Nelson, 2003), 220.

4 Lissa M. Wray Beal, 1 & 2 Kings, Apollos Old Testament Commentary 9 (Downer Grove: InterVarsity Press, 2014), 233.

5 Devries, 1 Kings,​​ 225.

6 យោងទៅតាមការកត់ចំណាំរបស់ Novum Testamentum Graece, 28th ed (NA28), 538.

7 “γὰρ,” A Greek-English Lexicon of the New Testament and Other Early Christian (BDAG), 2000.


ឯកសារយោង

Bauer, Walter, Frederick William Danker, William Frederick Arndt, and F. Wilbur Gingrich. A Greek-English Lexicon of the New Testament and Other Early Christian. 3rd ed. Chicago and London: University of Chicago Press, 2000.

Beal, Lissa M. Wray. 1 & 2 Kings. Apollos Old Testament Commentary 9. Downer Grove: InterVarsity Press, 2014.

Devries, Simon J. 1 Kings. 2nd ed. WBC 12. Nashville: Thomas Nelson, 2003.

Koehler, Ludwig, Walter Baumgartner, and Johann Jakob Stamm. Hebrew and Aramaic Lexicon of the Old Testament. Leiden: Brill, 2000.

Nestle, Eberhard, Erwin Nestle, Barbara Aland, and Kurt Aland, Johnannes Karavidopoulos, Carlo M. Martini, Bruce M. Metzger, and Institute for New Testament Textual Research. Novum Testamentum Graece. 28th ed. Stuttgart: Deutsche Bibelgesellschaft, 2012.

មេរៀនខ្ញុំ ដែលខ្ញុំធ្លាប់បង្រៀនដល់និស្សិតថ្នាក់អនុបណ្ឌិតព័ន្ធកិច្ចគ្រីស្ទាននៅឆ្នាំ២០២៤–២០២៦។

 

កំណត់ចំណាំ

អត្ថបទនេះគឺសរសេរដោយមានគោលបំណងក្នុងការដែលចែករំលែកចំណេះដឹងព្រះគម្ពីរ និងជំរុញបងប្អូនសិក្សាព្រះគម្ពីរ។ សូមបងប្អូនមេត្តាប្រើប្រាស់អត្ថបទនេះដោយរបៀបដែលត្រឹមត្រូវ៖

បើបងប្អូនត្រូវការប្រើប្រាស់ឬដកស្រង់អត្ថបទនេះទាំងមូល សូមមេត្តាភ្ជាប់ជាមួយនឹងព័ត៌មានរបស់អ្នកនិពន្ធនឹងគេហទំព័រ។

បើបងប្អូនចង់ដកស្រង់ផ្នែកខ្លះ ឬយោងគំនិតខ្លះ សូមយោងតាមរបៀបត្រឹមត្រូវដូចខាងក្រោមនេះ៖

ឡូ អេនណា «មូលដ្ឋានគ្រឹះនៃការសិក្សាព្រះគម្ពីរ៖ ការណែនាំ» ចលនាសិក្សាព្រះគម្ពីរ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ https://www.biblestudymovementcambodia.com/Hermeneutics/Introduction