«ឯផែនដីបានខូច» លោកុប្បត្តិ ១:២

សរសេរដោយ ឡូ អេនណា

ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦

[អានជាPDF]

ព្រះគម្ពីរចាប់ផ្តើមដោយមានបន្ទូលថា

១កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី។ 

២ឯផែនដីបានខូច ហើយនៅទទេ មានសុទ្ធតែឯឯឹតនៅគ្របលើជម្រៅទឹក 

ហើយព្រះវិញ្ញាណនៃព្រះក៏រេរានៅពីលើទឹក (លោកុប្បត្តិ ១:១–២)


 បងប្អូនប្រហែលជាមិនមានការលំបាកក្នុងការដែលយល់អំពីខ១នោះទេ ប៉ុន្តែនៅពេលដែល​​យើងចាប់ផ្តើមអានខ២ យើងប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជា«ផែនដីបានខូច»? បងប្អូនផ្សេងអាចមានការកាត់ស្រាយផ្សេងចំពោះពាក្យថា«ខូច»។ នៅក្នុងអត្ថបទនេះ ខ្ញុំនឹងស្វែងយល់អត្ថន័យនៃពាក្យនេះតាមរយៈការសិក្សាអំពី (១) ការបកប្រែព្រះគម្ពីរផ្សេងៗ (២) អត្ថន័យក្នុងភាសាហេព្រើរ (ដែលជាភាសាដើមនៃអត្ថបទភាគច្រើននៅក្នុងព្រះគម្ពីរសញ្ញាចាស់) និង (៣) គំនិតរបស់អ្នកប្រាជ្ញ។

 

១. ការបកប្រែព្រះគម្ពីរផ្សេងៗ

ខគម្ពីរដែលខ្ញុំបានយោងនៅក្នុងសេចក្តីផ្តើមនោះ គឺដកស្រង់ចេញពីព្រះគម្ពីរបរិសុទ្ធដែលបោះពុម្ពផ្សាយនៅឆ្នាំ១៩៦២ (មុនដំបូងបកប្រែនៅឆ្នាំ១៩៥៤)។ បើយើងអានព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន (ឆ្នាំ២០០៥) និងព្រះគម្ពីរបរិសុទ្ធកែសម្រួលថ្មី (ឆ្នាំ២០១៦) យើងនឹងឃើញថា ការបកប្រែពីរនេះប្រើពាក្យថា «ផែនដីគ្មានរូបរាង» វិញ។  តាមពិត មានគម្ពីរភាសាអង់គ្លេសជាច្រើនប្រើពាក្យដែលមានន័យថា «គ្មានរូបរាង»​ ដែរ។1 ប៉ុន្តែ បើយើងអានគម្ពីរភាសាចិនវិញ យើងនឹងឃើញថា មានការបកប្រែមួយប្រើពាក្យដែលមានន័យថា «ភាពទទេ» វិញ (សម្រាប់ពាក្យដែលគម្ពីរខ្មែរ​ (១៩៥៤) បកប្រែថា«ទទេ» គម្ពីរចិននេះបកប្រែជាពាក្យដែលមានន័យថា«ភាពវឹកវរ»វិញ)។2 ដូច្នេះ យើងអាចមើលឃើញថា អ្នកបកប្រែព្រះគម្ពីរមួយចំនួនគិតថា ពាក្យដែលគម្ពីរខ្មែរ (១៩៥៤) បកថា«ខូច»នោះ អាចមានអត្ថន័យថា«គ្មានរូបរាង» ប៉ុន្តែអ្នកបកប្រែព្រះគម្ពីរខ្លះក៏មានការយល់ដឹងផ្សេងទៀតដែរ ដោយគេបកប្រែថា​ «ទទេ»។

 

២. អត្ថន័យក្នុងភាសាហេព្រើរ

នៅក្នុងភាសាហេព្រើរ ពាក្យនេះក៏អាចមានអត្ថន័យផ្សេងៗផងដែរ។ នៅក្នុងគម្ពីរភាសាហេព្រើរ ពាក្យដែលគម្ពីរខ្មែរ(១៩៥៤)បកប្រែថា«ខូច»នោះ គឺពាក្យថា תֹּהוּ (អានថា «ថូហ៊ូ»)។ ពាក្យនេះលេចឡើងដប់ប្រាំបួនដងទៀតនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបងប្អូនគួរឱ្យអានដើម្បីស្វែងយល់អំពីអត្ថន័យ​នៃពាក្យនេះថែមទៀត៖

ចោទិយកថា ៣២:១០, ១ សាំយូអែល ១២:២១(២ដង), យ៉ូប ៦:១៨, ១២:២៤, ២៦:៧, ទំនុកដំកើង ១០៧:៤០, អេសាយ ២៤:១០, ២៩:២១, ៣៤:១១, ៤០:១៧, ៤០:២៣, ៤១:២៩, ៤៤:៩, ៤៥:១៨, ៤៥:១៩, ៤៩:៤, ៤៩:៤, យេរេមា ៤:២៣3 

យោងទៅតាមការវិភាគរបស់វចនានុក្រមភាសាហេព្រើរនិងភាសាអារ៉ាមនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលសិក្សាទាំងការប្រើប្រាស់ពាក្យនេះនៅក្នុងព្រះគម្ពីរ និងពាក្យដែលស្រដៀងគ្នានៅក្នុងភាសាផ្សេងៗដែលអាចមានទំនាក់ទំនងជាមួយនឹងភាសាហេព្រើរនៅក្នុងព្រះគម្ពីរ4 ការលេចឡើងទាំងនេះអាចសំដៅទៅលើ ទីរហោស្ថាន វាលខ្សាច់ កន្លែងបោះបង់ចោល ភាពទទេ ឬការគ្មានអ្វីសោះ។5 គួរឱ្យចាប់អារម្មណ៍គឺថា នៅក្នុងលោកុប្បត្តិ ១:២ ពាក្យនេះជាមួយនឹងពាក្យបន្ទាប់ទៀត  בֹּהוּ  (អានថា បូហ៊ូ) (គម្ពីរខ្មែរបកថា «ទទេ»)6 អាចមានលក្ខណៈមួយហៅថា ហេនតែយ៉ាតិស។7

ហេនតែយ៉ាតិសជាលក្ខណៈអក្សរសាស្ត្រមួយ ដែលប្រើប្រាស់ពាក្យពីរជាមួយគ្នាដើម្បីបង្ហាញអំពីអត្ថន័យតែមួយ ឬប្រើប្រាស់ពាក្យទីពីរដើម្បីរៀបរាប់អំពីពាក្យទីមួយហើយបន្ថែមការសង្កត់ធ្ងន់ឱ្យពាក្យទាំងពីរនោះ។ ការប្រើប្រាស់នេះប្រៀបដូចជាភាសាខ្មែរនិយាយថា «ស្រស់ស្អាត» ឬ «ឧដុង្គឧត្តម» ប៉ុន្តែនៅក្នុងភាសាហេព្រើរ ការប្រើប្រាស់នេះបានភ្ជាប់ពាក្យពីរនោះដោយពាក្យថា«និង» ហើយពាក្យទាំងពីរនោះគឺជានាម មិនមែនជាគុណនាមទេ។

បើនិយាយអំពីពាក្យថា«បូហ៊ូ»នៅក្នុងលោកប្បត្តិ១:២វិញ នៅក្នុងព្រះគម្ពីរសញ្ញាចាស់​ ពាក្យនេះលេចឡើងតែបីដងប៉ុណ្ណោះ ហើយការលេចឡើងទាំងបីដងនោះក៏លេចឡើងជាមួយនឹងពាក្យថា«ថូហ៊ូ»ដែរ៖

លោកុប្បត្តិ ១:២ «... ថូហ៊ូនិងបូហ៊ូ ... »

អេសាយ ៣៤:១១ «...​ ថូហ៊ូ ... បូហ៊ូ ... »

យេរេមា ៤:២៣ «... ថូហ៊ូនិងបូហ៊ូ ... »    

នៅក្នុងអេសាយ ៣៤:១១ ពាក្យពីរនេះរៀបរាប់អំពីរបស់ពីរយ៉ាង ដែលមានលក្ខណៈស្របគ្នា ហើយយេរេមា ៤:២៣ គឺប្រើឃ្លាថា «ថូហ៊ូនិងបូហ៊ូ» ដូចនៅក្នុងលោកុប្បត្តិ ១:២ វិញ។ នៅក្នុងបទគម្ពីរទាំងពីរនេះ ខគម្ពីរមុនៗនិយាយអំពីការបំផ្លាញឬការចោលស្ងាត់នៃកន្លែងមួយ (អេសាយ ៣៤:១០, យេរេមា ៤:២០)។ ប៉ុន្តែ យើងត្រូវសម្គាល់ថា អ្នកនិពន្ធកណ្ឌគម្ពីរពីរនេះអាចប្រើប្រាស់ពាក្យ«ថូហ៊ូ»និង«បូហ៊ូ» ដោយសារគេដឹងអំពីមាតិកាទាក់ទងនឹងការបង្កើតដែលបង្ហាញនៅក្នុងលោកុប្បត្តិ8 ហើយគេចង់ប្រើពាក្យដូចគ្នានេះដើម្បីសំដៅទៅលើស្ថានភាពមួយដែលប្រៀបដូចជាពេលដែលផែនដីមិនទាន់បង្កើតមកក៏បានដែរ។ ដូច្នេះ យើងពិបាកនឹងប្រាកដថា ខគម្ពីរពីរនេះបានផ្តល់គំនិតឱ្យយើងយល់ពីពាក្យថា «ថូហ៊ូ»និង«បូហ៊ូ» នៅក្នុងលោកប្បត្តិដែរ។ យើងគ្រាន់តែអាចសន្និដ្ឋានថា អ្នកនិពន្ធអេសាយ​និងយេរេមាគិតថា ពាក្យពីរនេះមានអត្ថន័យដែលមានទំនាក់ទំនងជាមួយនឹងការបំផ្លាញឬការចោលស្ងាត់។

 

៣. គំនិតរបស់អ្នកប្រាជ្ញ

         ដោយព្រោះនៅក្នុងភាសាហេព្រើរឃ្លាថា«ថូហ៊ូនិងបូហ៊ូ»អាចមានអត្ថន័យផ្សេងៗ អ្នកប្រាជ្ញក៏មានការបកប្រែផ្សេងៗថែមទៀតសម្រាប់ឃ្លានេះដែរ ដូចជា «ការវឹកវរទាំងស្រុង»9 «វាលខ្សាច់ និងទីបោះបង់ចោល»10 «ទីចំហដែលទទេ»11 «ទីរហោស្ថានដែលទទេ»12 ជាដើម។ ជាមួយនឹងគ្នា អ្នកប្រាជ្ញក៏បានផ្តល់ចំណុចសំខាន់មួយចំនួនដែលគួរឱ្យកត់សម្គាល់៖

ទី១ នៅក្នុងភាសាហេព្រើរ ពាក្យ«ថូហ៊ូ»និង«បូហ៊ូ»គឺជានាម13 ដូច្នេះ អ្នកប្រាជ្ញខ្លះបកប្រែពាក្យនេះជានាមវិញ ដូចជាការបកប្រែដែលខ្ញុំបានលើកមកនៅខាងលើ ជាជាងបកប្រែជាគុណនាម ដូចនឹងគម្ពីរភាសាខ្មែរ (១៩៥៤)។

ទី២ នៅក្នុងភាសាហេព្រើរ ពាក្យ«ថូហ៊ូ»និង«បូហ៊ូ» មានសម្លេងចួនគ្នា ការចួនគ្នានេះអាចបង្ហាញថា ពាក្យទីពីរបានបន្ថែមការសង្កត់ធ្ងន់នៅពីលើពាក្យទីមួយ14 ក៏អាចបង្ហាញ​អំពីលក្ខណៈបែបកំណាព្យរបស់ឃ្លានេះ15 ឬការលេងពាក្យតាមសម្លេងផងដែរ។16 ផ្អែកលើលក្ខណៈនេះ មានអ្នកប្រាជ្ញផ្តល់យោបល់ថា ឃ្លានេះមិនមានន័យជាក់លាក់នោះទេ17 ប៉ុន្តែ អ្នកផ្សេងទៀតមិនយល់ព្រមយ៉ាងដូច្នេះ ហើយគិតថាអត្ថន័យរបស់ឃ្លានេះត្រូវយល់តាមបរិបទវិញ។18

ទីបី សំណួរមួយដែលមានការជជែកវែកញែកជាច្រើនគឺថា តើ«ថូហ៊ូ»និង«បូហ៊ូ» សំដៅទៅលើការវឹកវរ ឬគ្រាន់តែមានន័យថាភាពទទេ? អ្នកប្រាជ្ញខ្លះគិតថាពាក្យពីរនេះសំដៅទៅលើការវឹកវរ ពីព្រោះគេឃើញថា បទគម្ពីរផ្សេងទៀតដែលមានពាក្យថា«ថូហ៊ូ» (ចោទិយកថា ៣២:១០, យ៉ូប ៦:១៨)19 «ថូហ៊ូនិងបូហ៊ូ» (យេរេមា ៤:២៣)20 និង«ថូហ៊ូ»និង«បូហ៊ូ» (អេសាយ ៣៤:១១)21 បាន ឬក៏អាចសំដៅទៅលើស្ថានភាពបែបនោះ។ អ្នកប្រាជ្ញផ្សេងទៀតមិនយល់ព្រមការបកស្រាយដូច្នេះ គេគិតថា ពាក្យពីរនេះគឺគ្រាន់តែសំដៅទៅលើភាពទទេវិញ ពីព្រោះនៅពេលដែលអក្សរសាស្ត្របាប៊ីឡូន​​សរសេរថាការបង្កើតគឺចាប់ផ្តើមពីជម្លោះរវាងព្រះផ្សេងៗ ហើយប្រកប​ដោយ​​អំពើហិង្សា និងការវឹកវរ ព្រះគម្ពីរលោកុប្បត្តិមិនមានផ្ទៃរឿងខាងក្រោយបែបនោះទេ។22 ជាមួយនឹងគ្នាព្រះគម្ពីរលោកុប្បត្តិក៏មិនបានបង្ហាញថា មានអ្វីដូចជាគំរាមកំហែងដល់ផែនដីមុននឹងព្រះធ្វើការបង្កើតដែរ។23 អ្នកប្រាជ្ញដែលមានគំនិតដូច្នេះ គិតថា «ថូហ៊ូ»និង«បូហ៊ូ» គឺសំដៅទៅលើភាពទទេ ដែលគ្មានអ្វីទាំងអស់ និងគ្មានរឿងរ៉ាវអ្វីសោះ ហើយមានតែភាពស្ងប់ស្ងាត់ប៉ុណ្ណោះ។24

យើងអាចមើលឃើញថា ការបកស្រាយទាំងពីរនេះ ក៏មានហេតុផលរបស់វា ប៉ុន្តែហេតុផលទាំងនោះក៏ដូចជាមិនគ្រប់គ្រាន់ក្នុងការដែលបង្ហាញថាការបកស្រាយមួយណាត្រឹមត្រូវជាងនោះទេ ពីព្រោះ​ស្ថានភាពដែលអត្ថបទគម្ពីរផ្សេងទៀតរៀបរាប់នោះ គឺអាចអាស្រ័យទៅលើការកាត់ស្រាយរបស់យើង ហើយអ្វីដែលបរិបទនៅក្នុងលោកុប្បត្តិមិនបានសរសេរចំៗនោះក៏មិនបញ្ជាក់ថា ពាក្យពីរនោះមិនអាចសំទៅលើដែរ។

ការសិក្សារអំពីអត្ថន័យនៃឃ្លានេះនៅមានច្រើនថែមទៀត ប៉ុន្តែនៅទីនេះ ខ្ញុំសូមផ្តល់យោបល់ថា យើងប្រហែលជាត្រូវសារភាពថា យើងមិនអាចដឹងជាក់ច្បាស់ថា ឃ្លានេះប្រាកដជា សំដៅទៅលើអត្ថន័យមួយណានោះទេ។ ប្រហែលជាពាក្យនេះអាចបង្កប់ន័យទាំងពីរ ហើយក៏អាចប្រើប្រាស់ដើម្បីសំដៅទៅលើអត្ថន័យផ្សេងទៀត ដូចអ្វីដែលខ្ញុំបានលើកឡើងនៅខាងលើដែរ។ នេះជាលក្ខណៈមួយនៃពាក្យមួយចំនួននៅក្នុងភាសាជាទូទៅ។ យើងគួរតែគិតពិចារណាអំពីលក្ខណៈនេះនៅក្នុងការស្វែងយល់អំពីអត្ថន័យនៃពាក្យខ្លះៗនៅក្នុងព្រះគម្ពីរ។

តាមពិត តាមគំនិតរបស់ខ្ញុំ ការដែលឃ្លានេះបង្កប់ដោយអត្ថន័យទាំងពីរ អាចមានអំណះអំណាងមកពីការរៀបរាប់បន្ទាប់ទៀតនៅក្នុងលោកុប្បត្តិផងដែរ។ យើងអាចមើលឃើញថា ចាប់ពីខ៣តទៅ គឺសរសេរអំពីការបង្កើតដែលមានលំដាប់លំដោយ ពីថ្ងៃទី១ទៅដល់ថ្ងៃទី៦។​ ជាមួយគ្នា ព្រះមិនគ្រាន់តែធ្វើការបង្កើតដោយញែករបស់ចេញពីគ្នា (១:៤, ១:៦–៧, ១:១៤, ១:១៨) ឬប្រមូលរបស់នៅកន្លែងតែ១នោះឡើយ (១:៩) ប៉ុន្តែទ្រង់ក៏បាននាំឱ្យរបស់ទាំងនោះមានវត្តមាននៅលើផែនដី (១:៣, ១:១១–១២, ២៤–២៥)​ ឬបង្កើតរបស់នៅលើផែនដី (១:៧, ១:១៦, ១:២១, ១:២៥, ១:២៧)។ បើយើងនិយាយថា ការដែលធ្វើការបង្កើតដោយមានលំដាប់លំដោយ ការញែកចេញពីគ្នា និងការប្រមូលគ្នា គឺបង្ហាញអំពីការដែលមានសណ្តាប់ធ្នាប់ ហើយការបង្កើតរបស់នៅលើផែនដី គឺប្រៀបដូចជាបំពេញទីទំនេរនៅលើផែនដី យើងអាចនិយាយថា ការបង្កើតរបស់ព្រះ គឺមានលក្ខណៈផ្ទុយពីការវឹកវរ និងភាពទទេ។ លក្ខណៈពីរនេះ ដូចនឹងអ្វីដែលខ្ញុំបានលើកមកនៅខាងលើ អាចជាអត្ថន័យនៃឃ្លាថា «ថូហ៊ូ»និង«បូហ៊ូ» ដែលជាស្ថានភាពមុននឹងព្រះបានធ្វើការបង្កើត។

លើសពីនេះទៅទៀត បើយើងអានការរៀបរាប់ចាប់ពីខ៣តទៅឱ្យបានលម្អិត យើងអាចមើលឃើញថា នៅថ្ងៃខ្លះ ព្រះបានបង្កើតរបស់ខ្លះ ហើយបន្ទាប់មកប្រើប្រាស់របស់នោះដើម្បីធ្វើការញែករបស់ផ្សេងទៀតចេញពីគ្នា (១:៣–៤, ១:៧, ១:១៤–១៥)។ ការនេះអាចបង្ហាញថា ការដែលបំពេញទីទំនេរ (ការបង្កើត) និងការដែលមានសណ្តាប់ធ្នាប់ (ការញែកចេញពីគ្នា)​ គឺមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ប្រៀបដូចជាឃ្លាថា «ថូហ៊ូ»និង«បូហ៊ូ»អាចបង្កប់អត្ថន័យទាំងពីរផងដែរ។

ទី៤ ទាក់ទងនឹងចំណុចនេះ ខ្ញុំគិតថា ការដែលយល់អំពីមុខងារនៃខគម្ពីរនីមួយៗនៅក្នុងសេចក្តីផ្តើមនៃលោកុប្បត្តិ ក៏មានសារៈសំខាន់ក្នុងការដែលយល់អំពីអត្ថន័យនៃ«ថូហ៊ូ»និង«បូហ៊ូដែរ។ មានអ្នកជឿព្រះជាច្រើនយល់ថា ខគម្ពីរទាំងនោះគឺបង្ហាញអំពីដំណាក់កាល ឬជំហាននៃកំណើតរបស់ពិភពលោក ដូច្នេះគេមានអាម្មណ៍ពិបាកយល់ថា ហេតុអ្វីបានជាខ១សរសេរថា «ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី»ហើយ បន្ទាប់មក ខ២សរសេរថា ផែនដី«ថូហ៊ូ»និង«បូហ៊ូ»។ ចំពោះបញ្ហានេះ អ្នកប្រាជ្ញមានការជជែកវែកញែកជាច្រើនថែមទៀត ដែលទាក់ទងនឹងវេយ្យាករណ៍ និងអត្ថន័យនៃពាក្យនៅក្នុងភាសាហេព្រើរ ព្រមទាំងគោលទិ្ធគ្រីស្ទបរិស័ទផងដែរ។ ប៉ុន្តែ នៅក្នុងគំនិតអ្នកប្រាជ្ញផ្សេងៗទាំងនោះ ខ្ញុំគិតថា គំនិតមួយដែលទាក់ទងនឹងលក្ខណៈនៃការនិពន្ធអក្សរសាស្ត្រគឺគួរឱ្យគិតពិចារណា គឺថា ខ១ហាក់ដូចជាការណែនាំបទគម្ពីរខាងក្រោមនោះ ឬដូចជាចំណងជើងសម្រាប់បទគម្ពីរខាងក្រោមនោះ បានន័យថា ខ១មានមុខងារក្នុងការដែលណែនាំអំពីប្រធានបទដ៏សំខាន់សម្រាប់បទគម្ពីរខាងក្រោមនោះ។ បន្ទាប់មក ខ២ចាប់ផ្តើមសរសេរលម្អិត គឺរៀបរាប់អំពីស្ថានភាពមុននឹងព្រះធ្វើការបង្កើត។ ហើយចាប់ពីខ៣តទៅគឺរៀបរាប់អំពីដំណើរការនៃការបង្កើតរបស់ព្រះ។25 គំនិតនេះគួរឱ្យគិតពិចារណា ពីព្រោះព្រះគម្ពីរលោកុប្បត្តិបានបង្ហាញលក្ខណៈសរសេរនេះនៅអត្ថបទគម្ពីរផ្សេងៗទៀតផងដែរ ដូចជា២:៤តទៅ។ គំនិតនេះក៏សមស្របជាមួយនឹងការពិតមួយថា ព្រះគម្ពីរជាព្រះបន្ទូលរបស់ទ្រង់ ហើយព្រះគម្ពីរក៏ជាអក្សរសាស្ត្រដែលនិពន្ធដោយមនុស្សដែរ។ អ្នកនិពន្ធដែលបណ្តាលដោយព្រះវិញ្ញាណបរិសុទ្ធនោះ ប្រើប្រាស់របៀបអក្សរសាស្ត្រដែលមនុស្សនៅសម័យរបស់គាត់អាចយល់បាន ដើម្បីបង្ហាញអំពីការយល់ដឹងដែលទាក់ទងនឹងព្រះ។ ដូច្នេះ នៅពេលដែលយើងសិក្សាព្រះគម្ពីរ យើងត្រូវគិតពិចារណាពីររបៀបអក្សរសាស្ត្រដែលអ្នកនិពន្ធអាចប្រើប្រាស់ដើម្បីបង្ហាញគំនិតរបស់គាត់ផងដែរ។

ទី៥ ជាចំណុចចុងក្រោយ តែក៏ទាក់ទងនឹងចំណុចមុនផងដែរ គឺខ្ញុំគិតថា ត្រូវលើកមកនិយាយខ្លះៗអំពីអក្សរសាស្ត្ររបស់បាប៊ីឡូនដែលសរសេរអំពីការបង្កើត។ ទោះបីជានៅខាងលើខ្ញុំបានលើកមកនិយាយថា មានអ្នកប្រាជ្ញខ្លះគិតថា ការបង្កើតដែលបង្ហាញនៅក្នុងអក្សរសាស្ត្របាប៊ីឡូនមិនអាចផ្តល់គំនិតឱ្យយើងយល់ពីអត្ថន័យនៃពាក្យខ្លះៗនៅក្នុងព្រះគម្ពីរលោកុប្បត្តិ ដោយសារការបង្កើតដែលសរសេរនៅក្នុងលោកុប្បត្តិមានលក្ខណៈខុសគ្នាក៏ដោយ ខ្ញុំគិតថាមាតិកានៃរឿងការបង្កើតរបស់បាប៊ីឡូនមានសារៈសំខាន់ក្នុងការដែលជួយយើងយល់អំពីមាតិការ សារ និងការសង្កត់ធ្ងន់នៅក្នុងរឿងនៃការបង្កើតរបស់ព្រះគម្ពីរលោកុប្បត្តិ។

ដូចជាអ្នកប្រាជ្ញខ្លះបានសង្កេតឃើញថា ព្រះគម្ពីរលោកុប្បត្តិហាក់បីដូចជាមានការលេងពាក្យខ្លះដែលចង់នាំឱ្យអ្នកស្តាប់ឬអ្នកអាននឹកឃើញអំពីរឿងការបង្កើតរបស់បាប៊ីឡូន៖ ឧ១. ពាក្យថា «ជម្រៅទឹក» នៅក្នុងលោកុប្បត្តិ១:២ នៅក្នុងភាសាហេព្រើរ (תְּהוֹם អានថា «ថិហូម») មានសម្លេងស្រដៀងនឹងព្រះនាមរបស់ទេពធីតាមួយអង្គនៅក្នុងរឿងការបង្កើតរបស់បាប៊ីឡូន (ធីអាម៉ាត)។26 ឧ២. នៅពេលដែលរឿងការបង្កើតរបស់បាប៊ីឡូនសរសេរថា ព្រះមួយអង្គបានបញ្ចេញខ្យល់ទៅលើទេពធីតានេះ ហើយទេពធីតានេះបានលេបចូលខ្យល់នោះ បណ្តាលឱ្យទេពធីតានេះងាយនឹងសម្លាប់ នៅក្នុងលោកុប្បត្តិ១:២សរសេរថា ព្រះវិញ្ញាណនៃព្រះ (អាចមានន័យថា «ខ្យល់នៃព្រះ» នៅក្នុងភាសាហេព្រើរ) បានរេរានៅពីលើទឹក ដោយមានលក្ខណៈវិជ្ជមាន និងស្ងប់ស្ងាត់។27

តាមពិត រឿងនៃការបង្កើតនៅក្នុងលោកុប្បត្តិ និងរឿងការបង្កើតនៅក្នុងអក្សរសាស្ត្របាប៊ីឡូននៅមានលក្ខណៈផ្សេងៗទៀតជាច្រើនដែលស្រដៀងគ្នា តែមិនដូចគ្នាទាំងស្រុង ដែលអាចជួយយើងយល់អំពីសារដ៏សំខាន់នៅលោកុប្បត្តិជំពូក១ តែការនេះមានភាពលម្អិតច្រើន ដូច្នេះត្រូវការសរសេរជាអត្ថបទផ្សេងទៀត ដើម្បីពន្យល់ឱ្យបានលក្អិត។ សម្រាប់ការយល់ដឹងអំពីឃ្លាថា «ថូហ៊ូ»និង«បូហ៊ូ»វិញ គ្រាន់តែយោងទៅតាមលក្ខណៈស្រដៀងគ្នាពីរយ៉ាងដែលអ្នងប្រាជ្ញបានលើកមកនៅខាងលើ ក៏គួរតែនាំឱ្យយើងមានការគិតពិចារណាថែមទៀត គឺថា តើឃ្លាថា «ថូហ៊ូ»និង«បូហ៊ូ» អាចមានអត្ថន័យទាក់ទងនឹងរឿងការបង្កើតរបស់បាប៊ីឡូនឬអត់ ជាពិសេសរឿងរបស់បាប៊ីឡូនគឺរៀបរាប់អំពីដំណើរការនៃការបង្កើតដែលចាប់ផ្តើមដោយមានភាពច្របូកច្របល់?​

 

សរុបសេចក្តី

ដើម្បីឆ្លើយតបនឹងសំណួរនេះឱ្យបានត្រឹមត្រូវ យើងប្រាកដជាត្រូវការសិក្សាអំពីរឿងនៃការបង្កើតរបស់បាប៊ីឡូនឱ្យបានលម្អិតថែមទៀត។ ប៉ុន្តែ នៅក្នុងអត្ថបទនេះ តាមរយៈការណែនាំខ្លីៗអំពីការបកប្រែព្រះគម្ពីរផ្សេងៗ អត្ថន័យនៅក្នុងភាសាហេព្រើរ និងគំនិតរបស់អ្នកប្រាជ្ញ ខ្ញុំសង្ឃឹមថា ពីមួយជំហានទៅមួយជំហាន បងប្អូនអាចមានគំនិតខ្លះៗអំពីអត្ថន័យនៃឃ្លាដែលគម្ពីរខ្មែរ (១៩៥៤)​ បកប្រែថា «ឯផែនដីបានខូច ហើយនៅទទេ»។ អត្ថន័យនៃឃ្លានេះមានលក្ខណៈស្មុគស្មាញ ហើយរហូតដល់សព្វថ្ងៃអ្នកប្រាជ្ញនៅបន្តសិក្សាថែមទៀត។ ដូច្នេះ នៅពេលដែលយើងបកស្រាយបទគម្ពីរនេះ ឬយោងខគម្ពីរនេះដើម្បីអភិវិឌ្ឍគំនិតផ្សេងៗទាក់ទងនឹងសេចក្តីជំនឿ យើងត្រូវមានការប្រុងប្រយ័ត្ន។ ពាក្យនេះ អាចមានអត្ថន័យផ្សេងៗ ដូចជា ទីរហោស្ថាន វាលខ្សាច់ កន្លែងបោះបង់ចោល ភាពទទេ ឬការគ្មានអ្វីសោះ ហើយអាចបង្កប់ន័យទាំងការវឹកវរ និងភាពទទេ។ ការយល់អំពីអត្ថន័យនៃឃ្លានេះត្រូវតែភ្ជាប់ជាមួយនឹងការសិក្សាខគម្ពីរនៅជុំវិញ ការយល់ដឹងអំពីមុខងារនៃខគម្ពីរនីមួយៗនៅក្នុងសេចក្តីផ្តើមនៃលោកុប្បត្តិ ព្រមទាំងការស្វែងយល់អំពីអក្សរសាស្ត្ររបស់នគរជិតខាងរបស់ស្រុកអ៊ីស្រាអែល ដែលមានឥទ្ធិពលជាច្រើនទៅលើការនិពន្ធព្រះគម្ពីរ ហើយក៏ទាក់ទាញ់អ្នកនិពន្ធព្រះគម្ពីរធ្វើការឆ្លើយតបផងដែរ។


លេខយោង

1 ឧ. គម្ពីរ NKJ, NASV, NIV ។ល។ “formless” ឬ “without form”។

2​ គម្ពីរ新標點和合本 [Chinese Union Version with New Punctuation (CUNP)]។

3 ស្វែងរកតាមរយៈកម្មវិធី Logos។

4 ដូចជា ភាសាអ៊ូការីត ភាសាអេស៊ីព្ទ ភាសាអារ៉ាប់​ និងភាសាហេព្រើរនៅមជ្ឈិមសម័យ។

5 “תֹּהוּ,” Hebrew and Aramaic Lexicon of the Old Testament (HALOT), 1689។

6 នៅក្នុងភាសាហេព្រើរ ពាក្យថា «បូហ៊ូ» អាចមានន័យថា ភាពទទេ ឬការចោលស្ងាត់, “בֹּהוּ,” HALOT, 111។

7 អង់គ្លេសហៅថា hendiadys, “תֹּהוּ,” HALOT, 1689។

8 សូមបញ្ជាក់ថា មានអ្នកប្រាជ្ញមួយចំនួនសន្និដ្ឋានថា ព្រះគម្ពីរលោកុប្បត្តិគឺនិពន្ធឬចងក្រងនៅសម័យក្រោយៗមក ដូចជាសម័យពើស៊ី ហើយជំពូកខ្លះនៅក្នុងគម្ពីរអេសាយ និងគម្ពីរយេរេមាអាចមានកាលបរិច្ឆេទមុនសម័យនោះ ដូច្នេះយើងមិនប្រាកដថា អ្នកនិព្ធនកណ្ឌគម្ពីរពីរនេះបានអានគម្ពីរលោកុប្បត្តិដូចនឹងគម្ពីរលោកុប្បត្តិដែលយើងមានសព្វថ្ងៃនោះទេ ប៉ុន្តែយើងអាចសន្និដ្ឋានថា អ្នកនិពន្ធទាំងនោះអាចរៀនបានគំនិតខ្លះៗមកពីសេចក្តីជំនឿតាមប្រពៃណីឬការសរសេរខ្លះៗដែលទាក់ទងនឹងការបង្កើត ដែលក្រោយមកចងក្រងជាព្រះគម្ពីរលោកុប្បត្តិដែលយើងអានសព្វថ្ងៃនេះ។

9 “Total chaos,” Gordon J.​ Wenham, Genesis 1–15, WBC (Dallas: Word, 1987), 2.

10 “A desert and a wasteland,” Victor P. Hamilton, The Book of Genesis: Chapter 1–17, NICOT (Grand Rapid, MI: 1990), 116.

11 “Empty void,” John Goldingay, Genesis, Baker Commentary on the Old Testament: Pentateuch (Grand Rapid, MI: Baker Academic, 2020), 17.

12 “Empty wilderness,” David Petersen, Genesis: A Commentary, OTL (Louisville, KY: Westminster John Knox, 2025), 30.

13 Hamilton, The Book of Genesis, 120.

14 Robert Alter, Genesis: Translation and Commentaries (New York: W. W. Norton & Company), 3.

15 Hamilton, The Book of Genesis, 120.

16 Goldingay, Genesis, ​​27.

17 Goldingay, Genesis, ​​27.

18 Hamilton, The Book of Genesis, 120.

19 Wenham, Genesis 1–15,​ 15.

20 Goldingay, Genesis, ​​27; Nahum M. Sarna, Genesis: The Traditional Hebrew Text with New JPS Translation, JPS Torah Commentary (Philadelphia: JPS, 1989), 6.

21 Goldingay, Genesis, ​​27.

22 Goldingay, Genesis, ​​27.

23 Bill T. Arnold, Genesis, The New Cambridge Bible Commentary (New York: Cambridge University Press, 37.

24 Arnold, Genesis,​ 37; Goldingay, Genesis, ​​27.

25 Hamilton, The Book of Genesis, 129.

26 ភាសាអង់គ្លេសហៅថា Tiamat។

27 Goldingay, Genesis, ​​28.

 

ឯកសារយោង

Alter, Robert. Genesis: Translation and Commentaries. New York: W. W. Norton & Company, 1996.

Arnold, Bill T. Genesis. The New Cambridge Bible Commentary. New York: Cambridge University Press, 2009.

Goldingay, John. Genesis, Baker Commentary on the Old Testament. Grand Rapid, MI: Baker Academic, 2020.

Hamilton, Victor P. The Book of Genesis: Chapter 1–17. NICOT. Grand Rapid, MI: 1990.

Koehler, Ludwig, Walter Baumgartner, and Johann Jakob Stamm. Hebrew and Aramaic Lexicon of the Old Testament. Leiden: Brill, 2000.

Petersen, David. Genesis: A Commentary, OTL. Louisville, KY: Westminster John Knox, 2025.

Sarna, Nahum M. Genesis: The Traditional Hebrew Text with New JPS Translation. JPS Torah Commentary. Philadelphia: JPS, 1989.

Wenham, Gordon J.​ Genesis 1–15. WBC. Dallas: Word,1987.

 

ការសិក្សាថែមទៀត

បើបងប្អូនមានការចាប់អាម្មណ៍សិក្សាអំពីរឿងការបង្កើតនៃបាប៊ីឡូន បងប្អូនអាចអានសៀវភៅ៖

Hays,​​ Christopher. Hidden Riches: A Sourcebook for the Comparative Study of the Hebrew Bible and Ancient Near East. Louisville, KY: Westminster John Knox, 2014. (p. 41–73).

បងប្អូនក៏អាចអានរឿងនេះនៅគេហទំព័រនេះ៖

https://www.ebl.lmu.de/corpus/L/1/2

 

កំណត់ចំណាំ

អត្ថបទនេះគឺសរសេរដោយមានគោលបំណងក្នុងការដែលចែករំលែកចំណេះដឹងព្រះគម្ពីរ និងជំរុញបងប្អូនសិក្សាព្រះគម្ពីរ។ សូមបងប្អូនមេត្តាប្រើប្រាស់អត្ថបទនេះតាមរបៀបដែលត្រឹមត្រូវ៖

 

បើបងប្អូនត្រូវការប្រើប្រាស់ឬដកស្រង់អត្ថបទនេះទាំងមូល សូមមេត្តាភ្ជាប់ជាមួយនឹងព័ត៌មានរបស់អ្នកនិពន្ធនិងគេហទំព័រ។

 

បើបងប្អូនចង់ដកស្រង់ផ្នែកខ្លះ ឬយោងគំនិតខ្លះ សូមយោងតាមរបៀបដូចខាងក្រោមនេះ៖

ឡូ អេនណា ‘«ឯផែនដីបានខូច» លោកុប្បត្តិ ១:២’ ចលនាសិក្សាព្រះគម្ពីរ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ https://www.biblestudymovementcambodia.com/Searching-For-Meaning/The-Earth-Has-Been-Broken