«ផារ៉ោនមានចិត្តរឹងទទឹង» និក្ខមនំ ៤២១តទៅ

សរសេរដោយ ឡូ អេនណា

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦

[អានជាPDF]


ព្រះគម្ពីរនិក្ខមនំ២:២១–២៣មានបន្ទូលថា

«២១ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា កាលណាឯងត្រឡប់ទៅដល់ស្រុកអេស៊ីព្ទ​ហើយ នោះកុំឱ្យខាននឹងធ្វើអស់ទាំងការអស្ចារ្យ ដែលអញបានដាក់នៅដៃឯងនៅចំពោះមុខផារ៉ោនឡើយ តែអញនឹងធ្វើឱ្យផារ៉ោនមានចិត្តរឹងទទឹង នោះទ្រង់មិនព្រមបើកឱ្យបណ្តាជនចេញទៅទេ។​​ ២២ឯងត្រូវទូលទៅផារ៉ោន ថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អ៊ីស្រាអែលជាកូនអញ គឺជាកូនច្បងរបស់អញ ២៣ហើយអញប្រាប់ឯងថា ចូរបើកឱ្យកូនអញចេញទៅ ដើម្បីនឹងថ្វាយបង្គំអញ បើឯងមិនព្រមទេ នោះមើល អញនឹងសំឡាប់កូនច្បងរបស់ឯងចោល។»

នេះជាបទគម្ពីរមួយដែលមានសារៈសំខាន់នៅក្នុងដំណើររឿងរបស់ព្រះគម្ពីរនិក្ខមនំ។ បន្ទាប់ពីលោកម៉ូសេបានចរចាជាមួយព្រះយេហូវ៉ាអំពីការដែលត្រឡប់ទៅស្រុកអេស៊ីព្ទវិញដើម្បីរំដោះពួកអ៊ីស្រាអែល ហើយលោកម៉ូសេបានយល់ព្រម ព្រមទាំងសុំការអនុញ្ញាតពីឪពុកក្មេករបស់គាត់ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះទៅកាន់លោកមូសេ។ ចំណុចមួយដែលគួរឱ្យចាប់អារម្មណ៍គឺព្រះយេហូវ៉ាមានបន្ទូលនៅខ២២ថា «អញនឹងធ្វើឱ្យផារ៉ោនមានចិត្តរឹងទទឹង» ហើយបន្ទាប់មក នៅក្នុងខ២៣ ទ្រង់ប្រាប់លោកម៉ូសេទៅប្រាប់ផារ៉ោនថា ការដែលផារ៉ោនមិនឱ្យពួកអ៊ីស្រាអែលចេញទៅ នឹងនាំឱ្យព្រះសម្លាប់កូនច្បងរបស់ផារ៉ោនចោល។ ចុះ តើយើងគួរតែយល់យ៉ាងណាអំពីការនេះ ជាពិសេសការដែលព្រះនឹងធ្វើឱ្យផារ៉ោនមានចិត្តរឹងទទឹង ហើយបន្ទាប់មក ទ្រង់នឹងនាំឱ្យផារ៉ោនទទួលបានមហន្តរាយដ៏ធំដែលមកពីព្រះវិញ? នៅក្នុងអត្ថបទនេះ ខ្ញុំនឹងស្វែងយល់អត្ថន័យនៃគំនិតនេះ តាមរយៈការសិក្សាអំពី (១) ខគម្ពីរដែលជាប់ទាក់ទងនឹងគំនិតនេះនៅក្នុងព្រះគម្ពីរនិក្ខមនំ និងការបកប្រែនៅក្នុងព្រះគម្ពីរភាសាខ្មែរ (២)​ ពាក្យ និងអត្ថន័យក្នុងភាសាហេព្រើរ និង (៣)​ ការបកស្រាយរបស់អ្នកប្រាជ្ញ។


១. ខគម្ពីរដែលជាប់ទាក់ទងនឹងចិត្តរឹង និងការបកប្រែព្រះគម្ពីរភាសាខ្មែរ

        គំនិតដែលទាក់ទងនឹងចិត្តរឹងបានលេចឡើងនៅក្នុងខគម្ពីរមួយចំនួននៅក្នុងព្រះគម្ពីរនិក្ខមនំ ដែលបងប្អូនគួរឱ្យអានដើម្បីស្វែងយល់ពីអត្ថន័យនៃគំនិតនេះ៖    

៤:២១,​ ៧:៣, ៧:១៣, ៧:១៤, ៧:២២, ៨:១៥, ៨:១៩, ៨:៣២, ៩:៧, ៩:១២, ៩:៣៤, ៩:៣៥, ១០:១,​ ១០:២០, ១០:២៧, ១១:១០, ១៣:១៥, ១៤:៤, ១៤:៨, ១៤:១៧1 

ខគម្ពីរទាំងនេះភាគច្រើនសរសេរអំពីចិត្តរបស់ផារ៉ោន តែ១០:១អាចសំដៅទៅលើទាំងចិត្តរបស់ផារ៉ោននិងចិត្តរបស់ពួកមហាតលិករបស់ផារ៉ោន ហើយ១៤:១៧បានសរសេរច្បាស់ថា គឺនិយាយអំពីចិត្តរបស់ពួកអេស៊ីព្ទវិញ។

បើបងប្អូនអានអត្ថបទគម្ពីរទាំងនេះ បងប្អូនអាចមើលឃើញថា ព្រះគម្ពីរបរិសុទ្ធដែលបោះពុម្ពផ្សាយនៅឆ្នាំ១៩៦២ (មុនដំបូងបកប្រែនៅឆ្នាំ១៩៥៤) ភាគច្រើនគឺប្រើពាក្យថា «រឹងទទឹង» តែមានខគម្ពីរខ្លះក៏ប្រើពាក្យ «រឹងរូស» (៧:១៤) «រឹងចចេស» (៩:៧) វិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រូលថ្មី (ឆ្នាំ២០១៦)​ មានការបកប្រែដូចនឹងគម្ពីរ១៩៥៤ តែព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន (ឆ្នាំ២០០៥) ភាគច្រើនប្រើពាក្យថា «មានះ»​ វិញ លើកលែងតែខគម្ពីរខ្លះប្រើ «រឹងចចេស» (៤:២១, ៧:១៣, ៧:២២, ១៤:១៧) និង​ «រឹងរូស» (៧:៣) ឬមិនបកប្រែពាក្យនេះចេញមក (១៣:១៥)។ នៅខាងក្រោមអត្ថបទនេះខ្ញុំបានរៀបចំតារាងមួយ ដើម្បីឱ្យបងប្អូនមានភាពងាយស្រួលក្នុងការស្វែងយល់ពីលក្ខណៈនៃការបកប្រែជាភាសាខ្មែរ។ ការបកប្រែទាំងនេះ តាមភាសាខ្មែរ មានអត្ថន័យស្រដៀងគ្នា គឺបង្ហាញថា តួអង្គនោះមានលក្ខណៈនៅដដែល ឬមិនផ្លាស់ប្តូរឡើយ។

ចំណុចមួយទៀតដែលបងប្អូនអាចមើលឃើញគឺថា លក្ខណៈនេះ នៅក្នុងខគម្ពីរខ្លះ គឺព្រះជាអ្នកដែលធ្វើឱ្យកើតមានឡើងនៅក្នុងចិត្តរបស់ផារ៉ោន ឬចិត្តរបស់មនុស្សផ្សេងទៀត (ឧ. ៤:២១) តែនៅក្នុងខគម្ពីរខ្លះ គឺផារ៉ោនជាអ្នកដែលធ្វើឱ្យចិត្តរបស់ខ្លួនឯងមានលក្ខណៈនេះ (ឧ. ៨:១៥, ១៩៥៤, ២០១៦) ហើយក៏មានខគម្ពីរផ្សេងៗទៀត គឺដូចជាគ្រាន់តែរៀបរាប់អំពីលក្ខណៈរបស់ចិត្តផារ៉ោនវិញ (ឧ. ៧:១៣)។ កាន់តែស្មុតស្មាញថែមទៀតគឺថា មានករណីខ្លះ ការបកប្រែគម្ពីរផ្សេង ដូចជាមានការយល់ផ្សេងចំពោះអត្ថន័យនៅក្នុងភាសាដើម៖ ឧទាហរណ៍ថា នៅក្នុង៨:១៥ គម្ពីរ១៩៥៤ និង២០១៦បកថា «ទ្រង់/ស្តេចតាំងព្រះទ័យ/ហឫទ័យរឹងទទឹង» (ផារ៉ោនជាអ្នកធ្វើឱ្យរឹង) តែគម្ពីរ២០០៥បកថា «ព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ» (ដូចជាគ្រាន់តែរៀបរាប់ពីលក្ខណៈរបស់ចិត្ត)។ ឧទាហរណ៍មួយទៀត គឺនៅក្នុង៨:៣២ គម្ពីរ១៩៥៤បកថា «ទ្រង់តាំងព្រះទ័យរឹងទទឹងឡើង» (ផារ៉ោនជាអ្នកធ្វើឱ្យរឹង) តែគម្ពីរពីរផ្សេងទៀតបកប្រែថា «ផារ៉ោនក៏នៅតែមានព្រះហឫទ័យរឹងទទឹង» (២០១៦) និង «ព្រះចៅផរ៉ោនមានព្រះហឫទ័យមានះ» (២០០៥)​ (ដូចជាគ្រាន់តែរៀបរាប់ពីលក្ខណៈរបស់ចិត្ត)។

លក្ខណៈទាំងនេះបង្ហាញថា រឿងទាក់ទងនឹងចិត្តរឹងទទឹងនៅក្នុងព្រះគម្ពីរនិក្ខមនំមានចំណុចលម្អិតទាក់ទងនឹងអត្ថន័យនៃពាក្យ និងអ្នកណាជាអ្នកធ្វើឱ្យមានចិត្តរឹង។ ដើម្បីស្វែងយល់ចំណុចទាំងពីរនេះឱ្យស៊ីជម្រៅថែមទៀត យើងត្រូវសិក្សារអំពីលក្ខណៈដែលបង្ហាញនៅក្នុងព្រះគម្ពីរភាសាហេព្រើរ។

 

២. អត្ថន័យក្នុងភាសាហេព្រើរ

        នៅក្នុងព្រះគម្ពីរភាសាហេព្រើរ អត្ថបទទាំងនោះបានប្រើប្រាស់ពាក្យដែលមកពីឫសបីផ្សេងពីគ្នា (ខ្ញុំនិយាយថា«ឫស»នៅទីនេះ ពីព្រោះពាក្យភាសាហេព្រើរសុទ្ធតែមានឫសរបស់វា ដែលភាគច្រើនមានព្យញ្ជនៈបី តែទម្រង់របស់វា មានន័យថា អក្ខរាវិរុទ្ធជាក់ស្តែងរបស់វានៅក្នុងអត្ថបទនីមួយៗ អាចផ្លាស់ប្តូរតាមមុខងារ និងកាលរបស់វា ជាដើម។ ដូច្នេះ បើយើងចង់សិក្សាអំពីពាក្យដែលលេចឡើងដដែល នៅក្នុងអត្ថបទខ្លះ យើងត្រូវសិក្សាការលេចឡើងនៃឫសរបស់ពាក្យវិញ។)៖

1. ឫសដែលលេចឡើងច្រើនជាងគេ គឺ חזק (ḥzq) ឬតាមទម្រង់វចនានុក្រមខ្លះថា חָזַק (អានថា ហ្គ្សាសាឃ)2។ ជាទូទៅពាក្យនេះមានន័យថា «រឹងមាំ»។3 នៅក្នុងបទគម្ពីរទាំងនោះ ឫសនេះលេចឡើងដោយទម្រង់ពីរ៖ មួយគឺ4 កិរិយាសព្ទដែលសំដៅទៅលើការ ធ្វើឱ្យរឹងមាំ (៤:២១,​ ៩:១២, ១០:២០, ១០:២៧, ១១:១០, ១៤:៤, ១៤:៨, ១៤:១៧)។​ មួយទៀតគឺ5 កិរិយាសព្ទដែលរៀបរាប់អំពីលក្ខណៈរបស់ប្រធាន (គឺចិត្តរបស់ផារ៉ោន នៅ ៧:១៣, ៧:២២, ៨:១៩, ៩:៣៥)។

2. ឫសទីពីរ គឺ כבד (kbd) ឬ כָּבֵד (អានថា ខាហ្វេត)6 ដែលជាទូទៅមានន័យថា «ធ្ងន់» ឬ «មានកិត្តិយស» ក៏បាន។7 នៅក្នុងបទគម្ពីររបស់យើង យើងអាចនិយាយសាមញ្ញទៅថា ឫសនេះលេចឡើងដោយទម្រង់បី៖ ទីមួយគឺ គុណនាមដែលរៀបរាប់អំពីលក្ខណៈរបស់ប្រធាន (គឺចិត្តរបស់ផារ៉ោន នៅក្នុង៧:១៤)។ ទីពីរ8 គឺកិរិយាសព្ទដែលសំដៅទៅលើការធ្វើឱ្យធ្ងន់ (៨:១៥, ៨:៣២, ៩:៣៤, ១០:១)។ ទីបី9 គឺកិរិយាសព្ទដែលរៀបរាប់អំពីលក្ខណៈរបស់ប្រធាន (គឺចិត្តរបស់ផារ៉ោនផងដែរ នៅក្នុង៩:៧)។

3.  ឫសទីបី គឺ קשׁה (qs̆h) ឬ קָשָׁה (អានថា ឃ៉ាស្សា)10 ដែលជាទូទៅមានន័យថា «ធ្ងន់» «រឹង» ឬ «ពិបាក»។11 នៅក្នុងអត្ថបទរបស់យើង ឫសនេះលេចឡើងតែពីរដង ហើយទាំងពីដងនោះ គឺមានទម្រង់កិរិយាសព្ទ12 ដែលសំដៅទៅលើ «ធ្វើឱ្យរឹង» (៧:៣ និង១៣:១៥)។

បើបងប្អូនចំណាយពេលទៅផ្ទៀងមើលការលេចឡើងនៃឫសទាំងបីនេះជាមួយនឹងព្រះគម្ពីរភាសាខ្មែរ បងប្អូនអាចមើលឃើញថា ព្រះគម្ពីរភាសាខ្មែរមិនបានប្រើពាក្យផ្សេងទៅតាមឫសផ្សេងដែលបានលេចឡើងនៅក្នុងគម្ពីរភាសាហេព្រើរនោះទេ៖

គម្ពីរ១៩៥៤ និង២០១៦ បកការលេចឡើងនៃឫសទីមួយ «ហ្គ្សាសាឃ» ទាំងអស់ ការលេចឡើងនៃឫសទីពីរ «ខាហ្វេត» មួយចំនួនធំ និងឫសទីបី «ឃ៉ាស្សា» (៨:១៥, ៨:៣២, ៩:៣៤, ១០:១) ទាំងអស់ថា «រឹងទទឹង»​ ប៉ុន្តែការលេចឡើងនៃឫសទីពីរ «ខាហ្វេត» ខ្លះ គឺបកជាពាក្យផ្សេង គឺ «រឹងរូស» (៧:១៤) និង «រឹងចចេស» (៩:៧)។

គម្ពីរ២០០៥មានលក្ខណៈស្រដៀងគ្នា៖ សម្រាប់ការលេចឡើងនៃ​ឫសទីមួយ «ហ្គ្សាសាឃ» មានខ្លះបកថា «រឹងចចេស» (៤:២១, ៧:១៣​, ៧:២២, ១៤:១៧) ហើយមានខ្លះគឺបកថា «មានះ» (៨:១៩, ៩:១២, ៩:៣៥, ១០:២០,​ ១០:២៧, ១១:១០, ១៤:៤, ១៤:៨)។ ការលេចឡើងនៃឫសទីពីរ «ខាហ្វេត» គឺបកប្រែជា «មានះ» ទាំងអស់។ សម្រាប់ការលេចឡើងនៃឫសទីបី «ឃ៉ាស្សា» មានម្តងគឺបកប្រែថា «រឹងរូស» (៧:៣) ហើយមានម្តងទៀត គឺមិនបានបកប្រែចេញមកទេ (១៣:១៥)។ (សូមមើលតារាខាងក្រោម)

ការបកប្រែដូច្នេះ អាចដោយសារមូលហេតុផ្សេងៗ ដូចជាថា អ្នកបកប្រែយល់ថា ឫសទាំងបីនេះមានលក្ខណៈស្រដៀងគ្នា ហើយគិតថា ត្រូវប្រើពាក្យតាមអ្វីដែលសមស្របជាមួយនឹងបរិបទនៅជុំវិញ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការអាន។ ដូច្នេះយើងពិបាកនឹងវាយតម្លៃចំពោះការបកប្រែទាំងនេះ។ អ្វីដែលយើងត្រូវចងចាំនៅពេលដែលយើងសិក្សាបទគម្ពីរទាំងនេះគឺថា ការបកប្រែទាំងអស់នេះ មិនបានប្រើពាក្យផ្សេងគ្នាទៅតាមការលេចឡើងនៃឫសផ្សេងគ្នានៅក្នុងគម្ពីរព្រះគម្ពីរភាសាហេព្រើរនោះទេ។ មានករណីខ្លះគឺគម្ពីរខ្មែរប្រើពាក្យដូចគ្នា នៅពេលដែលគម្ពីរភាសាហេព្រើរប្រើឫសផ្សេងគ្នា ហើយមានករណីខ្លះ គឺគម្ពីរខ្មែរប្រើពាក្យផ្សេងគ្នា តែនៅក្នុងគម្ពីរភាសាហេព្រើរ​ប្រើឫសដូចគ្នា។


៣. ការបកស្រាយរបស់អ្នកប្រាជ្ញ

         ការយល់ដឹងអំពីឫសបីនេះមានសារៈសំខាន់ក្នុងការស្វែងយល់អំពីសារឬវោហាសាស្ត្ររបស់អត្ថបទដែលទាក់ទងនឹងចិត្តរឹងនៅក្នុងព្រះគម្ពីរនិក្ខមនំ។ ពួកអ្នកប្រាជ្ញមានគំនិតផ្សេងៗពីគ្នាចំពោះការលេចឡើងនៃឫសទាំងបី និងរបៀបផ្សេងៗពីគ្នាក្នុងការស្វែងយល់អត្ថន័យនៃបទគម្ពីរទាំងនោះ។ នៅទីនេះ ខ្ញុំលើកមកគំនិតរបស់អ្នកប្រាជ្ញខ្លះ ដើម្បីឱ្យយើងគិតពិចារណា។

         លោកដេសម៉ុន អាឡិចសាន់ដា13 ស្វែងយល់ពីអត្ថន័យរបស់ឫសទាំងបី ហើយលំនាំក្នុងការដែលអ្នកណាជាប្រធាននៃឫសទាំងនោះ។14 គាត់ផ្តល់យោបល់ថា ឫសទីមួយ«ហ្គ្សាសាឃ» គឺមិនប្រាកដមានអត្ថន័យអវិជ្ជមាននោះទេ ទោះបីជាឫសទីពីរ«ខាហ្វេត»និងឫសទីបី«ឃ៉ាស្សា»មានលក្ខណៈដូច្នេះក៏ដោយ។ តាមការសង្កេតរបស់គាត់ ឫសទីមួយ«ហ្គ្សាសាឃ»មិនដែលលេចឡើងដោយមានផារ៉ោនជាប្រធានរបស់វាទេ។​  នៅក្នុងខគម្ពីរខ្លះ ប្រធានរបស់ឫសនេះគឺចិត្តរបស់ផារ៉ោន (៧:១៣, ៧:២២, ៨:១៩, ៩:៣៥) មានន័យថាវារៀបរាប់អំពីស្ថានភាពនៃចិត្តរបស់ផារ៉ោន។ តែភាគច្រើនប្រធានរបស់ឫសនេះគឺ​ព្រះយេហូវ៉ា ហើយកម្មវត្ថុរបស់វាគឺចិត្តរបស់ផារ៉ោន ឬពួកអេស៊ីព្ទ (៤:២១, ៩:១២, ១០:២០, ១០:២៧,​១១:១០, ១៤:៤, ១៤:៨, ១៤:១៧) ដូចបទគម្ពីរដែលខ្ញុំបានលើកឡើងនៅក្នុងសេចក្តីផ្តើម ដែលនិយាយអំពីអ្វីដែលព្រះយេហូវ៉ានឹងធ្វើ (៤:២១)​។ ជាមួយនឹងគ្នា លោកអាឡិចសាន់ដាដូចអ្នកប្រាជ្ញផ្សេងទៀតធ្លាប់លើកមកនិយាយ15យល់ថា ឫសនេះមិនបង្ហាញអំពីការដែលគ្មានសេចក្តីមេត្តា ឬការដែលមានលក្ខណៈឃោឃៅនោះទេ ប៉ុន្តែវាគឺសំដៅទៅលើការធ្វើឱ្យចិត្តរឹងមាំ ឬរៀបរាប់ថាចិត្តមានលក្ខណៈរឹងមាំវិញ មានន័យថាឫសនេះគឺនិយាយអំពីការផ្តល់ឱ្យមានការតាំងចិត្ត ការប្តេជ្ញាចិត្ត ឬឆន្ទៈក្នុងការធ្វើអ្វីដែលបានសម្រេចចិត្តរួចហើយ។ ការតាំងចិត្តនេះ អាចទាក់ទងនឹងភាពរឹងរូសក៏បាន ឬសេចក្តីក្លាហានក៏បាន។16

ចំពោះឫសទីពីរ«ខាហ្វេត»និងឫសទីបី«ឃ៉ាស្សា» លោកអាឡិចសាន់ដាទំនោរមើលឃើញអត្ថន័យដែលអវិជ្ជមានជាង។17 សម្រាប់ឫសទីពីរ«ខាហ្វេត» ដែលជាទូទៅសំដៅទៅលើ«ធ្ងន់» គាត់សង្កេតឃើញថា ប្រធានរបស់វាភាគច្រើនគឺផារ៉ោន (៨:១៥, ៨:៣២, ៩:៣៤)​ វិញ បន្ទាប់មកគឺចិត្តរបស់ផារ៉ោន (៧:១៤, ៩:៧) ហើយមានម្តងទៀតគឺព្រះយេហូវ៉ាដែលមានកម្មវត្ថុជាចិត្តផារ៉ោន (១០:១)។ លើសពីនេះទៅទៀត តាមការលេចឡើងនៃឫសនេះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែលរៀបរាប់អំពីសរីរាង្គរាងកាយ ឫសនេះគឺសំដៅទៅលើការដែលមិនដំណើការដោយធម្មតា។ លោកអាឡិចសាន់ដាសារភាពថា យើងពិបាកនឹងយល់ថាអត្ថន័យនេះមានន័យជាក់ស្តែងអ្វីខ្លះនៅក្នុងអត្ថបទទាក់ទងនឹងផារ៉ោននោះទេ ប៉ុន្តែគាត់សង្កេតឃើញថា បទគម្ពីរបីដែលផារ៉ោនជាប្រធាននៃឫសនោះ ផារ៉ោនធ្លាប់អនុញ្ញាតឱ្យពួកអ៊ីស្រាអែលចេញទៅ តែនៅពេលដែលស្ថានភាពធូរស្រាលវិញ គាត់តាំងចិត្តមិនឱ្យគេចេញទៅវិញ។18

សម្រាប់ឫសទីបី«ឃ៉ាស្សា» លោកអាឡិចសាន់ដាពន្យល់ថា ការលេចឡើងនៃឫសនេះ មានម្តងគឺព្រះយេហូវ៉ាជាប្រធានហើយចិត្តរបស់ផារ៉ោនជាកម្មវត្ថុ (៧:៣)។19 ខគម្ពីរនេះនិយាយអំពីអ្វីដែលព្រះយេហូវ៉ានឹងធ្វើ ដូចបទគម្ពីរដែលខ្ញុំបានលើកមកនៅសេចក្តីផ្តើម។ ការលេចឡើងម្តងទៀតគឺសំដៅទៅលើការដែលផារ៉ោនមានភាពរឹងរូស មិនឱ្យពួកអ៊ីស្រាអែលចេញទៅ (១៣:១៥, នៅក្នុងបទគម្ពីរនេះ ប្រធានរបស់ឫសនោះគឺផារ៉ោនវិញ)។ លោកអាឡិចសាន់ដាគិតថា ការលេចឡើងនៃឫសនេះមានអត្ថន័យដូចនឹងឫសទីមួយ«ហ្គ្សាសាឃ»ដែលសំដៅទៅលើការតាំងចិត្តរឹងមាំ ប៉ុន្តែ គាត់ក៏យល់ថា តាមការសិក្សារបស់អ្នកប្រាជ្ញផ្សេងទៀត ឫសនេះតែងតែមានអត្ថន័យអវិជ្ជមាន ដែលសំដៅទៅលើភាពរឹងរូសវិញ។ នេះមានន័យថា ព្រះយេហូវ៉ាមានបន្ទូលថាទ្រង់នឹងធ្វើឱ្យចិត្តរបស់ផារ៉ោនរឹងរូស (៧:៣) ហើយបន្ទាប់មកផារ៉ោនមានភាពរឹងរូស (១៣:១៤)។20

ទោះជាយ៉ាងនេះក៏ដោយ លោកអាឡិចសាន់ដានៅតែមើលឃើញលំនាំមួយនៅក្នុងបទគម្ពីរទាំងនេះ ដែលនាំឱ្យគាត់គិតថា ព្រះមិនបានធ្វើឱ្យចិត្តរបស់ផារ៉ោងរឹងរូសនោះទេ21 ហើយលំនាំនេះក៏ជាអ្វីដែលអ្នកប្រាជ្ញផ្សេងទៀតធ្លាប់លើកមកដែរ។22 គាត់ឃើញថា នៅដំណាក់កាលដំបូង ចិត្តរបស់ផារ៉ោនមានការតាំងចិត្ត ឬផារ៉ោនធ្វើឱ្យចិត្តរបស់ខ្លួនធ្ងន់ (៧:១៣–១៤, ៧:២២, ៨:១៥, ៨:១៩, ៨:៣២, ៩:៧)។ បន្ទាប់មកព្រះយេហូវ៉ាធ្វើឱ្យចិត្តរបស់ផារ៉ោនរឹងមាំ (៩:១២, ១០:២០, ១០:២៧, ១១:១០, ១៤:៤, ១៤:៨) ឬរឹងរូស (១០:១)។23 បើបងប្អូនបានផ្ទៀងមើលការវិភាគនេះ បងប្អូនអាចមើលឃើញថា បន្ទាប់ពីព្រះយេហូវ៉ាចាប់ផ្តើមធ្វើឱ្យចិត្តរបស់ផារ៉ោនរឹងមាំ (៩:១២) នៅមានខគម្ពីរមួយរៀបរាប់អំពីការដែលផារ៉ោនធ្វើឱ្យចិត្តរបស់ខ្លួនធ្ងន់ (៩:៣៤) និងខគម្ពីរមួយទៀតរៀបរាប់ថា ចិត្តរបស់ផារ៉ោនមានស្ថានភាពរឹងមាំដែរ (៩:៣៥)។ លោកអាឡិចសាន់ដាបកស្រាយថា ខគម្ពីរពីរនេះមានលក្ខណៈត្រួតស៊ីគ្នាជាមួយដំណាក់កាលដំបូង ទោះបីជាវាស្ថិតនៅក្នុងចំណោមអត្ថបទដែលរៀបរាប់អំពីការដែលព្រះយេហូវ៉ាធ្វើឱ្យចិត្តរបស់ផារ៉ោនរឹងមាំក៏ដោយ។24 ជាចុងក្រោយ យោងទៅតាមគំនិតខាងលើទាំងនេះ លោកអាឡិចសាន់ដាសរុបមកថា ការលេចឡើងនៃឫសផ្សេងៗទាំងនេះបង្ហាញថា ផារ៉ោនតែងតែរក្សាជំហរក្នុងការដែលមិនឱ្យពួកអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ។25 ប៉ុន្តែ ការលេចឡើងទាំងនេះមិនបានបង្ហាញថាផារ៉ោនជាអាយ៉ងមួយដែលព្រះយេហូវ៉ាបញ្ជា ឬកំណត់សិទ្ធិសេរីភាពក្នុងការសម្រេចចិត្តនោះទេ។ តាមគំនិតរបស់គាត់ ការលេចឡើងទាំងនេះគ្រាន់តែបង្ហាញថា ព្រះយេហូវ៉ាបានផ្តល់សេចក្តីក្លាហានក្នុងការធ្វើអ្វីតាមបំណងប្រាថ្នារបស់ផារ៉ោនប៉ុណ្ណោះ។26 

ប៉ុន្តែ លោកវិចទ័រ ហាមីលថុន27 ទំនោរទៅកាន់ជំហមួយផ្សេងទៀត គឺបទគម្ពីរទាំងនោះបានបង្ហាញថា មានពេលខ្លះផារ៉ោនជាអ្នកដែលធ្វើឱ្យចិត្តរបស់ខ្លួនរឹង ហើយមានពេលផ្សេងទៀតគឺព្រះធ្វើឱ្យផារ៉ោនចិត្តរឹង។28 របៀបសិក្សារបស់គាត់មិនសង្កត់ធ្ងន់ទៅលើអត្ថន័យនៃឫសនីមួយៗនោះទេ ប៉ុន្តែគាត់ក៏ធ្វើការសង្កេតការលេចឡើងនៃឫសទាំងនោះ ថែមទាំងមានការសង្កេតអំពីបរិបទនៅជំវិញ និងការពិចារណាអំពីលក្ខណៈនៃព្រះបន្ទូលជាទូទៅ។ ចំណុចមួយដែលគួរឱ្យចាប់អារម្មណ៍គឺគាត់មើលឃើញថា ទោះបីជាព្រះគម្ពីរនិក្ខមនំមានពាក្យដែលទាក់ទងនឹងចិត្តរឹងរូសច្រើនជាងបទគម្ពីរសញ្ញាចាស់ផ្សេងទៀតក៏ដោយ បទគម្ពីរផ្សេងទៀតទាំងនោះក៏បង្ហាញថា មានពេលដែលព្រះជាអ្នកធ្វើឱ្យមនុស្សចិត្តរឹង ក៏មានពេលដែលមនុស្សជាអ្នកដែលធ្វើឱ្យចិត្តរបស់ខ្លួនរឹងដែរ។29​ ប៉ុន្តែ នៅក្នុងព្រះគម្ពីរនិក្ខមនំ លក្ខណៈពិសេសគឺថា មុនដំបូងព្រះយេហូវ៉ាមានបន្ទូលថា ទ្រង់នឹងធ្វើឱ្យចិត្តរបស់ផារ៉ោនរឹង (៤:២១, ៧:៣) ដូចបទគម្ពីរដែលខ្ញុំបានលើកមកនៅសេចក្តីផ្តើម បន្ទាប់មកទ្រង់បានសម្រេចការនោះ ហើយរវាងការដែលព្រះបានបង្ហាញអំពីបំណងព្រះហឫទ័យ និងការដែលព្រះធ្វើការសម្រេច នោះផារ៉ោនបានធ្វើឱ្យចិត្តរបស់ខ្លួនឯងរឹង។30 លើសពីនេះទៅទៀត ទោះបីជាព្រះបានចាប់ផ្តើមធ្វើឱ្យចិត្តរបស់ ផារ៉ោនរឹងក៏ដោយ (៩:១២) ផារ៉ោននៅតែអាចធ្វើឱ្យចិត្តរបស់ខ្លួនរឹង​ (៩:៣៤)​។ ដូច្នេះ លោកហាមីលថុនសន្និដ្ឋានថា ការដែលមុនដំបូងព្រះយេហូវ៉ាធ្វើឱ្យចិត្តរបស់ផារ៉ោនរឹង ទ្រង់មិនបិទសិទ្ធិសេរីភាពរបស់ផារ៉ោនក្នុងការសម្រេចចិត្តនោះទេ ទោះបីជា បន្ទាប់មក ទ្រង់បានធ្វើដូច្នេះក៏ដោយ។31

ទាក់ទងនឹងទំនាក់ទំនងរវាងអំណាចរបស់ព្រះនិងសិទ្ធសេរីភាពរបស់ផារ៉ោនក្នុងការសម្រេចចិត្ត លោកហាមីលថុនបានលើកមកចំណុចមួយចំនួនថែមទៀត៖ មួយគឺបទគម្ពីរខ្លះបានបង្ហាញថា ការដែលព្រះធ្វើឱ្យចិត្តរបស់ផារ៉ោនរឹងគឺដើម្បីឱ្យមានឱកាសធ្វើការអស្ចារ្យកាន់តែច្រើន។32 ចំណុចមួយទៀតគឺបទគម្ពីរខ្លះបានបង្ហាញថា ផារ៉ោនធ្វើឱ្យចិត្តខ្លួនឯងរឹង បន្ទាប់ពីគាត់បានសុំលោកម៉ូសេទៅអធិស្ឋានសុំព្រះបញ្ឈប់គ្រោះមបន្តរាយ ហើយគាត់យល់ថា ការដែលព្រះធ្វើតាមសេចក្តីអធិស្ឋានរបស់លោកម៉ូសេ និងឱ្យផារ៉ោនផ្លាស់ប្តូរចិត្តរបស់គាត់គឺដោយសារព្រះគុណរបស់ទ្រង់។33 គាត់ពន្យល់ថែមទៀតថា នៅម្ខាង យើងមិនត្រូវបន្ថយសារៈសំខាន់នៃអធិបតេយ្យភាពរបស់ព្រះយេហូវ៉ានៅក្នុងរឿងរ៉ាវទាំងនេះទេ ប៉ុន្តែនៅម្ខាងទៀត យើងក៏មិនអាចគិតថារាល់ការរឹងរូសរបស់មនុស្សទាំងអស់ក៏កើតឡើងដោយសារព្រះមានបំណងព្រះហឫទ័យចង់ធ្វើឱ្យគេចិត្តរឹងដែរ។ គាត់យោងតាមគំនិតរបស់អ្នកប្រាជ្ញម្នាក់ទៀត គឺលោកចន ហ្គោលឌីនហ្គេ34 ហើយផ្តល់យោបល់ថា ពេលខ្លះព្រឹត្តិការណ៍កើតមានឡើងគឺដោយសារបំណងព្រះហឫទ័យរបស់ព្រះមែន ប៉ុន្តែដោយសារលក្ខណៈពិសេសនៃស្ថានភាពនៅក្នុងបទគម្ពីរទាំងនោះ អ្វីដែលព្រះបានធ្វើទាំងនោះ មិនប្រាកដថាជាគោលការណ៍ដែលបង្ហាញពីអ្វីដែលព្រះតែងតែធ្វើនោះទេ។35 ជាចុងក្រោយ លោកហាមីលថុនបានលើកមកថា ខណៈពេលដែលព្រះយេហូវ៉ាបានធ្វើឱ្យចិត្តរបស់ផារ៉ោនរឹង ទ្រង់ក៏បានព្យាយាមធ្វើឱ្យចិត្តផរ៉ោនទន់ដែរ។ ការនេះបានបង្ហាញនៅក្នុងស្ថានភាពជាច្រើន ដូចជាសេចក្តីអធស្ឋានរបស់លោកម៉ូសេ (៨:៨, ៨:២៨, ៩:២៨, ៩:១០, ១០:១៧) និងទីបន្ទាល់របស់ពួកគ្រូរបស់ផារ៉ោន (៨:១៩) ជាដើម។36

អ្នកប្រាជ្ញម្នាក់ទៀតឈ្មោះលោកម៉ាថាយ ម៉ាកាហ្វី37 មានការយកចិត្តទុកដាក់ផ្សេងពីលោកហាមីលថុន តែស្រដៀងនឹងលោកអាឡិចសាន់ដាខ្លះៗ។​ គាត់ផ្តោតលើអត្ថន័យនៃឫសទាំងបី ប៉ុន្តែក៏សិក្សាបរិបទរបស់បទគម្ពីរ ថែមទាំងពិភាក្សាអំពីទស្សនៈរបស់ពួកអេស៊ីព្ទ។38 នៅក្នុងការសិក្សាររបស់គាត់ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺការបកស្រាយអំពីឫសទីមួយនិងឫសទីពីរ។ សម្រាប់ឫសទីមួយ«ហ្គ្សាសាឃ» គាត់មិនគ្រាន់តែលើកមកថា នៅពេលដែលឫសនេះលេចចេញមកជាមួយនឹងពាក្យថា «ចិត្ត» គឺសំដៅទៅលើការដែលមានកម្លាំង ឬសេចក្តីក្លាហាន ដែលអាចមានន័យវិជ្ជមានឬអវិជ្ជមានទៅតាមទស្សនៈ39​ ប៉ុន្តែគាត់ក៏បានបង្ហាញចំណុចមួយដ៏សំខាន់ ដែលធ្លាប់មានអ្នកប្រាជ្ញ ផ្សេងទៀតលើកមកដែរ40 គឺថា ពាក្យនេះបានលេចឡើងម្តងហើយនៅព្រះគម្ពីរនិក្ខមនំ៣:១៩ ដែលជាព្រះបន្ទូលដែលនិយាយទៅកាន់លោកមូសេ៖ «តែអញដឹងថា ស្តេចស្រុកអេស៊ីព្ទនឹងមិនព្រមអនុញ្ញាតឱ្យឯងរាល់គ្នាទៅទេ លើកតែដោយដៃខ្លាំងពូកែប៉ុណ្ណោះ។» ពាក្យថា «ខ្លាំងពូកែ» ជាពាក្យដែលព្រះគម្ពីរភាសាខ្មែរឆ្នាំ១៩៥៤បកប្រែចេញពីឫសថា«ហ្គ្សាសាឃ»។ សម្រាប់លោកម៉ាកាហ្វី ការលេចឡើងនៃឫសនេះនៅ៣:១៩នាំឱ្យអ្នកអានចង់តាមដានថា តើជំហរបស់ផារ៉ោន ឬព្រះហស្តរបស់ព្រះយេហូវ៉ា នឹងមានលក្ខណៈរឹងមាំជាង​។41

ទាក់ទងនឹងចំណុចនេះ លោកម៉ាកាហ្វីបានពិភាក្សាអំពីគំនិតរបស់អ្នកប្រាជ្ញមួយទៀតដែលខ្ញុំគិតថាគួរឱ្យគិតពិចារណា ទោះបីជាក្រោយមកគាត់មិនសូវយល់ព្រមគំនិតនេះក៏ដោយ។ គំនិតនេះគឺថា តាមទស្សនៈរបស់ពួកអេស៊ីព្ទ ជាពិសេសនៅក្នុងបរិបទដែលពួកអេស៊ីព្ទចាត់ទុកថាស្តេចជាព្រះ ហើយក៏យោងទៅតាមឯកសាររបស់ស្រុកអេស៊ីព្ទខ្លះ ពួកអេស៊ីព្ទប្រាកដជាគិតវិជ្ជមានចំពោះអ្វីដែលផារ៉ោនបានធ្វើ  គឺគេគិតថាការទាំងនោះបង្ហាញពីភាពក្លាហាន និងភាពរឹងមាំរបស់ផារ៉ោន។42 លោកម៉ាកាហ្វីអភិវឌ្ឍគំនិតនេះបន្តទៀតថា នៅក្នុងករណីនេះ បើតាមទស្សនៈរបស់ពួកអ៊ីស្រាអែល គឺព្រះយេហូវ៉ាប្រើប្រាស់ភាពរឹងមាំរបស់ផារ៉ោនដើម្បីនាំឱ្យផារ៉ោនធ្លាក់ចុះវិញ។ ប៉ុន្តែគាត់គិតថា​ ការបកស្រាយនេះដូចជាមិនអាចទៅរួច ពីព្រោះការលេចឡើងនៃឫសនេះជាមួយនឹងពាក្យថា«ចិត្ត»បានកើតឡើងនៅក្នុងបទគម្ពីរផ្សេងទៀតដែលមិននិយាយអំពីស្តេចអេស៊ីព្ទដែរ។43​​ ទោះជាយ៉ានេះក៏ដោយ ខ្ញុំគិតថា គំនិតនេះនៅតែគួរឱ្យកត់សម្គាល់ ពីព្រោះអ្នកនិពន្ធកណ្ឌគម្ពីរផ្សេងអាចប្រើប្រាស់ពាក្យរបស់ភាសារបស់គេដោយបង្ហាញពីវោហាសាស្ត្រទៅតាមបរិបទដែលគេចង់សំដៅទៅលើ ហេតុដូច្នេះ ការបកស្រាយតាមទស្សនៈរបស់ពួកអេស៊ីព្ទនេះ ក៏ដូចជាការបកស្រាយតាមទស្សនៈរបស់ពួកអ៊ីស្រាអែលនោះ នៅតែគួរឱ្យគិតពិចារណា ជាពិសេសនៅពេលដែលយើងស្វែងយល់ពីវោហាសាស្ត្ររបស់អត្ថបទគម្ពីរទាំងនោះ។

សម្រាប់ឫសទីពីរ«ខាហ្វេត» ដូចអ្វីដែលខ្ញុំបានលើកមកនៅខាងលើ លោកម៉ាកាហ្វីក៏លើកមកថា ឫសនេះមានអត្ថន័យដែលទាក់ទងនឹង «ធ្ងន់» «ធ្វើឱ្យធ្ងន់» ឬ «មានកិត្តិយស» «ធ្វើឱ្យមានកិត្តយស»។44 ប៉ុន្តែគាត់ផ្តល់យោបល់ថា អត្ថន័យទាក់ទងនឹង«ធ្ងន់»គឺភាគច្រើនសម្រាប់របស់ដែលគ្មានជីវិត ហើយអត្ថន័យទាក់ទងនឹង«កិត្តិយស»គឺភាគច្រើនសម្រាប់របស់ដែលមានជីវិតវិញ។ បើសម្រាប់ផ្នែករាងកាយវិញ គឺមានន័យទាក់ទងនឹងការមិនចាប់អារម្មណ៍ ឬការយឺតនឹងទទួល។45 គាត់គិតថាអត្ថន័យនេះមានសារៈសំខាន់ក្នុងការយល់ពីអត្ថបទទាំងនោះនៅក្នុងព្រះគម្ពីរនិក្ខមនំ ពីព្រោះគាត់គិតថា អត្ថបទទាំងនោះបង្ហាញអំពីការប្រយុទ្ធរវាងចិត្តរបស់ផារ៉ោន និងព្រះហឫទ័យរបស់ព្រះយេហូវ៉ា ហើយនៅក្នុងបរិបទនេះ ការប្រើប្រាស់ឫសនេះគឺសំដៅទៅលើការដែលផារ៉ោនមិនបានចាប់អារម្មណ៍ពីការទាមទាររបស់ព្រះយេហូវ៉ា។46 ជាមួយនឹងគ្នា លោកម៉ាកាហ្វីក៏លើកមកគំនិតរបស់អ្នកប្រាជ្ញផ្សេងទៀត ដែលទាក់ទងនឹងសេចក្តីជំនឿរបស់ពួកអេស៊ីព្ទផងដែរ គឺសេចក្តីជំនឿមួយថា នៅពេលដែលមនុស្សស្លាប់ទៅ ចិត្តរបស់មនុស្សនឹងត្រូវបានថ្លឹងជាមួយនឹងរោមរបស់ស្លាបសត្វ ហើយការដែលចិត្តធ្ងន់ជាងរោមនោះគឺសំដៅទៅលើលក្ខណៈថ្លៃថ្នូររបស់អ្នកស្លាប់។​47 ចំពោះគំនិតនេះ លោកម៉ាកាហ្វីមិនបាននិយាយថាគាត់យល់ព្រមឬអត់នោះទេ ប៉ុន្តែគាត់លើកមកនិយាយអំពីការបដិសេធរបស់អ្នកប្រាជ្ញផ្សេងទៀតចំពោះគំនិតនេះ។48 ទោះជាយ៉ាងនេះក៏ដោយ ជាថ្មីម្តងទៀត ខ្ញុំគិតថា គំនិតនេះនៅតែគួរឱ្យពិចារណា។ ដូចនឹងឫសទីមួយ ការដែលប្រើឫសទីពីរនេះក៏អាចបង្ហាញថា តាមគំនិតរបស់ពូកអេស៊ីព្ទ នេះជាការល្អ ថ្លៃថ្នូរ ឬមានកិត្តិយសសម្រាប់ផារ៉ោនរក្សាឬធ្វើឱ្យចិត្តធ្ងន់ ប៉ុន្តែនៅចំពោះព្រះយេហូវ៉ា ការនេះនឹងនាំឱ្យហិនវិនាសវិញ។


សរុបសេចក្តី

        បន្ទាប់ពីសិក្សាអំពីអត្ថបទដែលទាក់ទងនឹងចិត្តរឹងនៅក្នុងព្រះគម្ពីរនិក្ខមនំ ការបកប្រែព្រះគម្ពីរភាសាខ្មែរ អត្ថន័យនៅក្នុងភាសាដើម និងការបកស្រាយរបស់អ្នកប្រាជ្ញផ្សេងៗ តើបងប្អូនមានគំនិតយ៉ាងណាដែរ?

         តាមគំនិតរបស់ខ្ញុំការបកស្រាយរបស់អ្នកប្រាជ្ញទាំងបីក៏បានបំភ្លឺឱ្យយើងយល់អំពីប្រធានបទទាក់ទងនឹងចិត្តរឹងនៅក្នុងព្រះគម្ពីរនិក្ខមនំ ហើយមានអំណះអំណាងរៀងៗខ្លួន ទោះបីជាគេប្រហែលជាមិនអាចដោះស្រាយចម្ងល់របស់យើងតាំងស្រុងក៏ដោយ។ ខ្ញុំគិតថា តាមលក្ខណៈនៃអត្ថបទទាំងនោះ អ្វីដែលយើងអាចសន្និដ្ឋាន គឺបទគម្ពីរទាំងនោះកំពុងដែលបង្ហាញអំពីការប្រយុទ្ធរវាងអំណាចរបស់ស្តេចអេស៊ីព្ទ និងអំណាចរបស់ព្រះយេហូវ៉ា។ លើសពីនេះទៅទៀតយើងក៏អាចអភិវឌ្ឍបន្តទៀតថា អ្នកនិពន្ធក៏កំពុងដែលប្រយុទ្ធជាមួយនឹងគំនិតដែលទាក់ទងនឹងទំនាក់ទំនងរវាងសិទ្ធិសេរីភាពរបស់មនុស្សក្នុងការសម្រេចចិត្ត និងអំណាចរបស់ព្រះក្នុងការដែលកំណត់គំនិតរបស់មនុស្សនិងការដែលនាំឱ្យមានព្រឹត្តិការណ៍កើតឡើងតាមព្រះហឫទ័យផងដែរ។ អត្ថន័យជាក់ស្តែងនៃឫសទាំងបីនោះ និងរបៀបជាក់ស្តែងក្នុងការដែលផារ៉ោននិងព្រះយេហូវ៉ាប្រព្រឹត្តចំពោះចិត្តរបស់ផារ៉ោន គឺជាអ្វីដែលយើងប្រហែលជាមិនអាចយល់ទាំងស្រុង ដែលតែងតែត្រូវការសិក្សាបន្ថែមទៀត។ ប៉ុន្តែ តាមរយៈការណែនាំនេះ យើងអាចមើលឃើញថា ដើម្បីស្វែងយល់អំពីអត្ថន័យនៃពាក្យមួយ ឬបទគម្ពីរមួយ យើងត្រូវសិក្សាបរិបទនៅជុំវិញ ការបកប្រែផ្សេងៗ អត្ថន័យនៅក្នុងភាសាដើម ហើយគំនិត វប្បធម៌ និងសេចក្តីជំនឿរបស់មនុស្សនៅសម័យព្រះគម្ពីរ ព្រមទាំងគិតពិចារណាអំពីលក្ខណៈរបស់ព្រះនិងគោលការណ៍ទូទៅក្នុងការអនុវត្តន៍ព្រះគម្ពីរ។​ ការបកស្រាយព្រះគម្ពីរអាចមានការសន្និដ្ឋានផ្សេងៗទៅតាមរបៀបផ្សេងៗ ហើយជួនកាលយើងពិបាកនឹងកំណត់ថាមួយណាត្រឹមត្រូវជាងមួយណានោះទេ។ ប៉ុន្តែ​ យើងចាំបាច់ត្រូវតែធ្វើកិច្ចការទាំងនោះ ដើម្បីស្វែងយល់ពីព្រះបន្ទូលឱ្យបានស៊ីជម្រៅ ជាជាងសន្មតភ្លាមៗអំពីអត្ថន័យនៃព្រះបន្ទូលហើយអនុវត្តតាមការសន្មតនោះដោយមិនមានការគិតដ៏ប្រុងប្រយ័ត្ន។ 


លេខយោង


1 T. Desmond Alexander, Exodus, Apollos Old Testament Commentary 2 (Downers Grove, IL: InterVarsity Press and London: Apollos, 2017), 163; Victor P. Hamilton, Exodus: An Exegetical Commentary (Grand Rapids, MI: Baker Academic, 2011), 171; Matthew McAffee, “The Heart of Pharaoh in Exodus 4–15,” Bulletin for Biblical Research 20 (2010): 347.

2 “חָזַק,” The Brown-Driver-Briggs Hebrew and English Lexicon (BDB), 304.

3 “חזק,” Hebrew and Aramaic Lexicon of the Old Testament (HALOT), 302–4.

4 វេយ្យាករណ៍ហេព្រើរហៅថា פִּעֵל (Piel) (អានថា ភីអែល)។

5 វេយ្យាករណ៍ហេព្រើរហៅថា קַל (Qal) (អានថា ឃ៉ាល់)។

6 “כָּבֵד,” BDB, 458។

7 “כבד,” HALOT, 455–6.

8 វេយ្យាករណ៍ហេព្រើរហៅថា הִפְעִיל (Hifil) (អានថា ហ៊ីហ្វីល)។

9 វេយ្យាករណ៍ហេព្រើរហៅថា קַל (Qal) (ឃ៉ាល់)។

10 “קָשָׁה,” BDB, 904។

11 “קשׁה,” HALOT, 1151–2.

12 វេយ្យាករណ៍ហេព្រើរហៅថា הִפְעִיל (Hifil) (ហ៊ីហ្វីល)។

13 T. Desmond Alexander.

14 Alexander, Exodus,​ 163–71.

15 William H. C. Propp, Exodus 1–18, Anchor Bible (New York: Doubleday, 1998), 217.

16 Alexander, Exodus,​ 163–4.

17 Alexander, Exodus,​ 165–6.

18 Alexander, Exodus,​ 166.

19 Alexander, Exodus,​ 164.

20 Alexander, Exodus,​ 164–5.

21 Alexander, Exodus,​ 165–7.

22 ឧទាហរណ៍ Thomas B. Dozeman, Commentary on Exodus, Eerdmans Critical Commentary (Grand Rapids, MI: William B. Eerdmans, 2009), 154.

23 Alexander, Exodus,​ 165.

24 Alexander, Exodus,​ 165.

25 Alexander, Exodus,​ 165.

26 Alexander, Exodus,​ 165.

27 Victor P. Hamilton.

28 Hamilton, Exodus, 170–74.

29 បទគម្ពីរដែលគាត់លើកមកនោះមាន ចោទិយកថា ២:៣០ យ៉ូស្វេ ១១:២០ អេសាយ ៦:១០ ទំនុកដំកើង ៩៥:៨ និងសុភាសិត ២៨:១៤។ Hamilton, Exodus, 171–2.

30 Hamilton, Exodus, 172.

31 Hamilton, Exodus, 172.

32 Hamilton, Exodus, 172.

33 Hamilton, Exodus, 172–3.

34 John Goldingay.

35 Hamilton, Exodus, 173; John Goldingay, Israel’s Gospel, Vol. of Old Testament Theology (Downers Grove, IL: InterVasity, 2003), 351–2.

36 គាត់បានលើកមក៧ចំណុច សូមអាន Hamilton, Exodus, 174។

37 Matthew McAffee.

38 McAffee, “The Heart of Pharaoh,” 331–54.

39 McAffee, “The Heart of Pharaoh,” 336.

40 Dozeman, Commentary on Exodus,​​​ 138.

41 McAffee, “The Heart of Pharaoh,” 335.

42 McAffee, “The Heart of Pharaoh,” 335–6.

43 McAffee, “The Heart of Pharaoh,” 336.

44 McAffee, “The Heart of Pharaoh,” 338.

45 McAffee, “The Heart of Pharaoh,” 338.

46 McAffee, “The Heart of Pharaoh,” 338–9.

47 McAffee, “The Heart of Pharaoh,” 339.

48 McAffee, “The Heart of Pharaoh,” 339.

 

តារាងវិភាគពីការលេចឡើងនៃឫសទាំងបីទាក់ទងនឹងចិត្តរឹងនៅក្នុងព្រះគម្ពីរនិក្ខមនំ

ចំណាំ៖

[  ] ទម្រង់របស់ពាក្យនោះតាមវេយ្យាករណ៍ហេព្រើរ៖

Hifil הִפְעִיל ហ៊ីហ្វីល, Piel פִּעֵל ភីអែល, Qal קַל ឃ៉ាល់

impf: imperfect កិរិយាសព្ទបង្ហាញពីសកម្មភាពមិនទាន់ចប់;

pf: perfect កិរិយាសព្ទបង្ហាញពីសកម្មភាពចប់ហើយ;

inf: infinitive កិរិយាសព្ទដើម; ptc: participle កិរិយាវិសេសនាម

(  )* លេខខគម្ពីរនៅក្នុងព្រះគម្ពីរភាសាហេព្រើរ