មូលដ្ឋានគ្រឹះនៃការសិក្សាព្រះគម្ពីរ៖
សង្កេត និងសួរសំណួរ1
សរសេរដោយ ឡូ អេនណា
ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦
ការសង្កេត និងការសួរសំណួរគឺជាកិច្ចការដ៏សំខាន់នៅក្នុងការកាត់ស្រាយព្រះគម្ពីរ។
នៅក្នុងសម័យដែលមនុស្សភាគច្រើនមានទម្លាប់ទទួលព័ត៌មានខ្លីៗនិងភ្លាមៗដោយមិនត្រូវការចំណាយពេលវេលាយូរ បងប្អូនប្រហែលជាមានអារម្មណ៍គិតថាកិច្ចការនេះពិបាកធ្វើ។ ប៉ុន្តែបងប្អូនត្រូវចាំថាកិច្ចការនេះគឺជាគន្លឹះក្នុងការស្វែងយល់ខ្លឹមសារនៃបទគម្ពីរមួយ ហើយខ្ញុំសូមលើកទឹកចិត្តថា ពេលវេលានិងកម្លាំងដែលបងប្អូនចំណាយទៅលើកិច្ចការនេះគឺមិននឹងធ្វើឱ្យបងប្អូនមានអារម្មណ៍ថាខុសបំណងឡើយ។
ការសង្កេតគឺសំទៅលើការអានដោយមានការយកចិត្តទុកដាក់ចំពោះមាតិកានៃបទគម្ពីរមួយ។ ការសួរសំណួរគឺជួយយើងបន្ថែមទៀតក្នុងការគិតពិចារណាអំពីអ្វីដែលត្រូវសិក្សាបន្តដើម្បីស្វែងយល់អត្ថន័យនៅក្នុងបទគម្ពីរនោះ។ កិច្ចការទាំងពីរនេះទាមទារយើងអានព្រះគម្ពីរមួយៗ ចំណាយពេលវេលាអានម្តងហើយអានម្តងទៀត ហើយមានការគិតពិចារណា។ តែកិច្ចការទាំងពីរនេះនឹងនាំយើងមើលឃើញចំណុចលម្អិតនៅក្នុងបទគម្ពីរមួយ ដែលជាការមួយដ៏ចំបាច់ក្នុងការស្វែងយល់អំពីសារនៃបទគម្ពីរមួយ។
នៅខាងក្រោមនេះ គឺជាចំណុចខ្លះៗដែលយើងត្រូវយកចិត្តទុកដាក់ នៅពេលដែលយើងធ្វើការសង្កេត៖
• ទីកន្លែង
ដែលព្រឹត្តិការណ៍បាន/កំពុង/នឹងកើតឡើង ឬតួអង្គបាន/កំពុង/ចង់ទៅ ។ល។
• អ្នកណា
ដូចជា៖
ព្រះ ព្រះដទៃទៀត និងអ្វីផ្សេងៗទៀតខាងឯវិញ្ញាណ
អ្នកនិពន្ធ តួអង្គ អ្នកផ្ញើ និងអ្នកទទួល អ្នកនិយាយនិងទស្សនិកជន
ជនជាតិ ភេទ អាយុ មុខរបរ និងឋានៈនៅក្នុងសង្គមសម្រាប់មនុស្សទាំងនេះ
សត្វ ។ល។
• ពេលណា
ដូចជា៖
ឆ្នាំ ថ្ងៃ ម៉ោង
លំដាប់នៃព្រឹត្តិការណ៍ឬការបង្រៀន ឬបញ្ជីនៃការដែលត្រូវធ្វើឬមិនត្រូវធ្វើ ។ល។
• អ្វី
ដែលបានឬមិនបាន/កំពុងឬមិនកំពុង/នឹងឬមិននឹង កើតឡើង និយាយ ធ្វើ មានអារម្មណ៍ ប្រើប្រាស់ ។ល។
• របៀប
ដែលវាបាន/កំពុង/នឹង កើតឡើង ត្រូវបានគេនិយាយ ត្រូវបានគេធ្វើ ត្រូវបានគេប្រើប្រាស់ ។ល។
• ហេតុអ្វី
បានជា វាបានឬមិនបាន/កំពុងឬមិនកំពុង/នឹងឬមិននឹង កើតឡើង
មនុស្សបានឬមិនបាន/កំពុងឬមិនកំពុង/នឹងឬមិននឹង និយាយ ធ្វើ ប្រើ ឬមានអារម្មណ៍ ។ល។
លើសពីចំណុចទូទៅទាំងនេះ ខ្ញុំគិតថាការកត់ចំណាំចំណុចខាងក្រោមក៏សំខាន់ដែរ៖
• ពាក្យឬឃ្លាដដែលៗ
• សំណួរឬបញ្ហាផ្សេងៗទៀតដែលតួអង្គ ឬអ្នកនិពន្ធបានសួរ បង្ហាញ ឬជួប ដែលត្រូវបានឬមិនត្រូវបានឆ្លើយឬដោះស្រាយនៅក្នុងបទគម្ពីរនោះ
ជាមួយនឹងគ្នា នៅក្នុងកិច្ចការនេះ យើងត្រូវកត់ចុះសំណួរឬចម្ងល់ដែលយើងមានចំពោះអត្ថបទគម្ពីរដែលយើងសិក្សា ដូចជា
* តើពាក្យ «xxx» មានន័យដូចម្តេច?
* តើអត្ថបទនេះបានសំដៅទៅលើទំនៀមទម្លាប់ ឬប្រតិបត្តិអ្វីខ្លះ?
* តើបុគ្គលដែលមានឈ្មោះថា «xxx» ជានរណា?
* តើកន្លែងដែលមានឈ្មោះថា «xxx» នោះមានប្រវត្តិអ្វីខ្លះ?
* ។ល។
យើងអាចកត់ចំណាំរាល់សំណួរដែលយើងមាន។ គោលដៅគឺថា សំណួរទាំងនេះនឹងរំឭកយើងទៅសិក្សាព្រះគម្ពីរ និងឯកសារអ្នកប្រាជ្ញថែមទៀត។
ដូចអត្ថបទដែលខ្ញុំសរសេរអំពីការកំណត់អត្ថបទគម្ពីរ នៅទីនេះ ខ្ញុំចង់ផ្តល់ឧទាហរណ៍មួយដើម្បីបង្ហាញឱ្យបងប្អូនយល់ថា នៅពេលដែលយើងធ្វើការសង្កេតនិងសួរសំណួរ យើងត្រូវយកចិត្តទុកដាក់អំពីអ្វីខ្លះ។ ជាថ្មីម្តងទៀត បងប្អូនអាចចាត់ទុកថា ឧទាហរណ៍នេះជាលំហាត់មួយ មានន័យថាបងប្អូនសាកល្បងធ្វើការសង្កេតនិងសួរសំណួរសម្រាប់បទគម្ពីរដែលខ្ញុំលើកមកនៅក្នុងឧទាហរណ៍ខាងក្រោមដោយខ្លួនឯងសិន បន្ទាប់មកចាំអានការកត់ចំណាំរបស់ខ្ញុំ ដើម្បីយល់អំពីកិច្ចការនេះថែមទៀត។
ឧទាហរណ៍៖ ១ ពង្សាវតារក្សត្រ ១៧
[ព្រះគម្ពីរដែលខ្ញុំប្រើប្រាស់សម្រាប់ធ្វើការសង្កេតនេះគឺ ព្រះគម្ពីរបរិសុទ្ធដែលបោះពុម្ពផ្សាយនៅឆ្នាំ១៩៦២ (មុនដំបូងបកប្រែនៅឆ្នាំ១៩៥៤)]
• ទីកន្លែង
ស្រុកធេសប៊ី (ខ១) ស្រុកកាឡាត (ខ១) ទីនេះ (ខ២) ខាងកើត (ខ២) ជ្រោះកេរីត (ខ២, ខ៥) ទន្លេងយ័រដាន់ (ខ២) សារិបតា (ខ៩, ខ១០) មាត់ទ្វារក្រុង (ខ១០) ផ្តិល (ខ១០) ខាប់ (ខ១៤, ខ១៦) ដប (ខ១៤, ខ១៦) បន្ទប់ (ខ១៩) ដំណេក (ខ១៩) ផ្ទះ (ខ២៣)
• អ្នកណា
អេលីយ៉ា (ខ១តទៅ)៖ អ្នកស្រុកធេសប៊ី នៅជាមួយពួកស្រុកកាឡាត (ខ១)
អ័ហាប់ (ខ១តទៅ) ព្រះយេហូវ៉ា (ខ១តទៅ) ក្អែក (ខ៤, ៥) ពួកស៊ីដូន (ខ៩) ស្រីមេម៉ាយ (ខ៩តទៅ) កូនរបស់ស្រីមេម៉ាយ (ខ១២តទៅ) ម្ចាស់ផ្ទះ (ខ១៧)
• ពេលណា
គ្រានោះ (ខ១) ប៉ុន្មានឆ្នាំទៅមុខនេះ (ខ១) រាល់ព្រឹករាល់ល្ងាច (ខ៦) កន្លងយូរបន្តិច(ខ៧) កាលបានទៅដល់មាត់ទ្វារក្រុង (ខ១០) កាលស្រីមេម៉ាយយកទឹក (ខ១១) ដរាបដល់ថ្ងៃដែលព្រះយេហូវ៉ានឹងបង្អុរភ្លៀងមកលើផែនដី (ខ១៤) តមកជាយូរថ្ងៃ (ខ១៥) ក្រោយមកនោះ (ខ១៧) មានកាល១ថ្ងៃ (ខ១៧)
• អ្វី
អេលីយ៉ាស្បថជាមួយនឹងអ័ហាប់ថា នឹងគ្មានភ្លៀងនិងសន្សើម (ខ១)
ព្រះយេហូវ៉ាបង្គាប់អេលីយ៉ាចេញទៅពួនខ្លួន ផឹកទឹកជ្រោះ និងឱ្យក្អែកចិញ្ចឹម (ខ២–៤)
អេលីយ៉ាធ្វើតាមការបង្គាប់ ហើយក្អែកក៏ធ្វើដូចព្រះបន្ទូល (ខ៥–៦)
ទឹកជ្រោះរឹងទៅ (ខ៧)
ព្រះយេហូវ៉ាបង្គាប់អេលីយ៉ាទៅសារិបតា ឱស្រីមេម៉ាយចិញ្ចឹម (ខ៨–១០)
អេលីយ៉ាក្រោកឡើងទៅសារិបតា តាមព្រះបន្ទូល (ខ១០)
អេលីយ៉ាឃើញស្រីមេម៉ាយរើសរំកាច់ឈើ ហើយសុំទឹកពីនាង (ខ១០)
អេលីយ៉ាសុំនំបុ័ងពីស្រីមេម៉ាយ តែនាងស្បថអំពីស្ថានភាពទល់ច្រករបស់នាង (ខ១១–១៣)
អេលីយ៉ាប្រាប់នាងកុំខ្លាច ធ្វើតាមអ្វីដែលនាងថា ហើយធ្វើនំ១តូចសម្រាប់គាត់ ព្រមទាំងចែកចាយព្រះបន្ទូលអំពីម្សៅនិងប្រេងដែលមិនចេះអស់ (ខ១៣–១៤)
ស្រីមេម៉ាយធ្វើតាមបង្គាប់របស់អេលីយ៉ា ហើយនាង អេលីយ៉ា និងកូននាងបានបរិភោគតមកជាយូរថ្ងៃ (ខ១៥)
ម្សៅនិងប្រេងមិនចេះអស់ (ខ១៦)
កូនរបស់ស្រីមេម៉ាយឈឺដល់ស្លាប់ (ខ១៧)
នាងនិយាយទៅកាន់អេលីយ៉ា ដោយហៅគាត់ថា អ្នកសំណប់របស់ព្រះ តែរអ៊ូពីការដែលគាត់បានមក (ខ១៨)
អេលីយ៉ាសុំនាងយកកូនឱ្យគាត់ គាត់យកកូនទៅដាក់លើដំណេកនៃបន្ទប់គាត់ អំពាវនាវដល់ព្រះ ទ្រោបលើកូន ហើយអំពាវនាវដល់ព្រះទៀត (ខ១៩–២១)
ព្រះស្តាប់តាមអេលីយ៉ា នាំឱ្យកូនស្រីមេម៉ាយរស់ឡើងវិញ (ខ២២)
អេលីយ៉ាយកកូនឱ្យស្រីមេម៉ាយវិញ ហើយនាងហៅអេលីយ៉ាជា អ្នកសំណប់របស់ព្រះពិត (ខ២៣–២៤)
• របៀប
អេលីយ៉ាស្បថដោយនូវព្រះយេហូវ៉ា (ខ១)
ស្រីមេម៉ាយស្បថដោយនូវព្រះយេហូវ៉ា (ខ១២)
អេលីយ៉ាប្រាប់ស្រីមេម៉ាយទៅធ្វើនំ១តូចសម្រាប់គាត់សិន ចាំធ្វើសម្រាប់នាងនិងកូននាង (ខ១៣)
ម្សៅនិងប្រេងមិនចេះអស់ដូចព្រះបន្ទូលថ្លែងដោយអេលីយ៉ា (ខ១៦)
អេលីយ៉ាជួយកូនស្រីមេម៉ាយដោយសុំនាងយកកូនឱ្យគាត់ គាត់យកកូនទៅដាក់លើដំណេកនៃបន្ទប់គាត់ អំពាវនាវដល់ព្រះ ទ្រោបលើកូន៣ដង ហើយអំពាវនាវដល់ព្រះទៀត (ខ១៩–២១)
• ហេតុអ្វី
អេលីយ៉ាចេញទៅជ្រោះកេរីតដោយសារព្រះបង្គាប់ (ខ២–៥)
ទឹកជ្រោះរឹងទៅដោយសារគ្មានភ្លៀងធ្លាក់ (ខ៧)
អេលីយ៉ាទៅសារិបតាដោយសារព្រះបង្គាប់ (ខ៨–១០)
ស្រីមេម៉ាយធ្វើនំបុ័ងដោយសារការបង្គាប់របស់អេលីយ៉ា (ខ១៥)
ស្រីមេម៉ាយនិយាយទៅកាន់អេលីយ៉ាដោយសារកូននាងស្លាប់ (ខ១៨)
• ពាក្យឬឃ្លាដដែលៗ
ទូលបង្គំ/ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល/អ្នកដ៏មានព្រះជន្មរស់នៅ (ខ១ អេលីយ៉ា, ខ១២ ស្រីមេម៉ាយ)
ភ្លៀង (ខ១, ខ៧១, ខ១៤)
បង្គាប់ (ខ២ ព្រះ, ខ៤ ព្រះ, ខ៨ ព្រះ, ខ៩ ព្រះ, ខ១៥ អេលីយ៉ា)
ក្រោកឡើង (ខ៩ ព្រះបង្គាប់, ខ១០ អេលីយ៉ា)
ចិញ្ចឹម (ខ៤ កែ្អក, ខ៩ ស្រីមេម៉ាយ)
អ្នកសំណប់របស់ព្រះ(ពិត) (ខ១៨, ខ២៤)
ស្លាប់ (ខ១២) សំឡាប់កូនខ្ញុំ/នាង (ខ១៨ ស្រីមេម៉ាយ, ខ២០ អេលីយ៉ា)
អំពាវនាវ (ខ២០, ខ២១)
រស់ (ខ២២, ខ២៣)
• សំណួរឬបញ្ហាផ្សេងៗទៀតដែលតួអង្គ ឬអ្នកនិពន្ធបានសួរ បង្ហាញឬជួប ដែលត្រូវបានឬមិនត្រូវបានឆ្លើយឬដោះស្រាយនៅក្នុងបទគម្ពីរនេះ៖
ការដែលគ្មានភ្លៀង ដែលនៅតែមិនទាន់នៅចុងបញ្ចប់នៃជំពូកនេះ
• សំណួរឬចម្ងល់ដែលខ្ញុំមានចំពោះបទគម្ពីរនេះ៖
* តើ «ស្រុកធេសប៊ី» (ខ១) «ស្រុកកាឡាត» (ខ១) ជ្រោះកេរីត (ខ២, ខ៥) ទន្លេងយ័រដាន់ (ខ២) ក្រុងសារិបតា (ខ៩, ១០) មានប្រវត្តិអ្វីខ្លះ?
* តើអ័ហាប់ (ខ១) បានធ្វើអ្វីខ្លះបានជាអេលីយ៉ាស្បថថា នឹងគ្មានភ្លៀងជាយូរឆ្នាំ?
* តើ «ស្បថ» (ខ១, ១២) នៅទីនេះមានន័យដូចម្តេច?
អ្វីដែលខ្ញុំបានកត់ចំណាំ និងសួរនៅខាងលើនោះ ប្រហែលជាមិនទាន់គ្រប់ជ្រុងជ្រោយនោះទេ តើបងប្អូនមានសង្កេតឃើញអ្វីផ្សេងៗទៀត ដែលបងប្អូនគិតថាគួរឱ្យកត់សម្គាល់?
តាមរយៈការសង្កេតនេះ យើងអាចមើលឃើញដំណើររឿងឱ្យបានលម្អិតខ្លះៗ ដូចជាថា ការដែលព្រះមុនដំបូងរៀបចំឱ្យក្អែកទៅចិញ្ចឹមអេលីយ៉ា (ខ៤) ហើយបន្ទាប់មករៀបចំឱ្យស្រីមេម៉ាយទៅចិញ្ចឹមអេលីយ៉ា (ខ៩) ក៏ដូចជា បញ្ហាទាក់ទងនឹងគ្មានភ្លៀងបានឆ្លងកាត់ជំពូកទាំងមូល (ខ១, ខ៧១, ខ១៤)។ ជាមួយនឹងគ្នា តាមរយៈការសង្កេតនេះ យើងក៏អាចមើលឃើញការសង្កត់ធ្ងន់មួយចំនួនដែរ ដូចជាការដែលស្តាប់បង្គាប់ មិនថាស្តាប់បង្គាប់ព្រះ (ខ៥, ១០) ឬស្តាប់បង្គាប់របស់អ្នកបម្រើព្រះក៏ដោយ (ខ១៥)។ ដើម្បីយល់សារនៃបទគម្ពីរនេះឱ្យបានច្បាស់ថែមទៀត យើងប្រាកដជាត្រូវការសិក្សាបន្ត ប៉ុន្តែការសង្កេតនិងការសួរសំណួរបែបនេះបានជួយយើងច្រើនក្នុងការដែលស្វែងយល់អំពីមាតិការបស់បទគម្ពីរនេះ ដែលផ្តល់មូលដ្ឋានគ្រឹះមួយដ៏ល្អសម្រាប់សិក្សាបទគម្ពីរនេះបន្តទៀត។
ជាចុងក្រោយ ខ្ញុំសូមបញ្ជាក់ថា ចំណុចខាងលើទាំងនោះ គឺជាចំណុចទូទៅសម្រាប់ការសង្កេត និងការសួរសំណួរចំពោះបទគម្ពីរដែលយើងសិក្សា។ នៅក្នុងព្រះគម្ពីរ អត្ថបទគម្ពីរមួយៗមានលក្ខណៈអក្សរសាស្ត្រផ្សេងៗពីគ្នា ហើយអ្នកប្រាជ្ញក៏បានអភិវឌ្ឍរបៀបផ្សេងៗក្នុងការវិភាគវែកញែកព្រះគម្ពីរផងដែរ។ ប្រភេចអក្សរសាស្ត្រផ្សេង ហើយការវិភាគវែកញែកផ្សេង តម្រូវមានការសង្កេត និងការសួរសំណួរផ្សេងៗពីគ្នាខ្លះៗ។ ខ្ញុំមានគម្រោងក្នុងការដែលសរសេរអត្ថបទទាក់ទងនឹងការទាំងនេះ។ សូមបងប្អូនតាមដានគេហទំព័រនេះ ដើម្បីឱ្យស្វែងយល់ពីរបៀបសិក្សាព្រះគម្ពីរថែមទៀត។
លេខយោង
1 អត្ថបទនេះ គឺខ្ញុំកែសម្រួលចេញពីមេរៀនខ្ញុំដែលធ្លាប់បង្រៀនដល់និស្សិតថ្នាក់អនុបណ្ឌិតព័ន្ធកិច្ចគ្រីស្ទាននៅឆ្នាំ២០២៤ទៅ២០២៦។
ឯកសារយោង
មេរៀនខ្ញុំ ដែលខ្ញុំធ្លាប់បង្រៀនដល់និស្សិតថ្នាក់អនុបណ្ឌិតព័ន្ធកិច្ចគ្រីស្ទាននៅឆ្នាំ២០២៤–២០២៦។
កំណត់ចំណាំ
អត្ថបទនេះគឺសរសេរដោយមានគោលបំណងក្នុងការដែលចែករំលែកចំណេះដឹងព្រះគម្ពីរ និងជំរុញបងប្អូនសិក្សាព្រះគម្ពីរ។ សូមបងប្អូនមេត្តាប្រើប្រាស់អត្ថបទនេះដោយរបៀបដែលត្រឹមត្រូវ៖
បើបងប្អូនត្រូវការប្រើប្រាស់ឬដកស្រង់អត្ថបទនេះទាំងមូល សូមមេត្តាភ្ជាប់ជាមួយនឹងព័ត៌មានរបស់អ្នកនិពន្ធនឹងគេហទំព័រ។
ឡូ អេនណា «មូលដ្ឋានគ្រឹះនៃការសិក្សាព្រះគម្ពីរ៖ សង្កេត និងសួរសំណួរ» ចលនាសិក្សាព្រះគម្ពីរ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២ https://www.biblestudymovementcambodia.com/Hermeneutics/Observe-And-Ask-Questions