មូលដ្ឋានគ្រឹះនៃការសិក្សាព្រះគម្ពីរ៖
ការណែនាំ
សរសេរដោយ ឡូ អេនណា
ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦
បើយើងចង់យល់ពីអត្ថន័យនៃព្រះបន្ទូល យើងចាំបាច់ត្រូវតែសិក្សាព្រះគម្ពីរ។
ការអានព្រះគម្ពីរប្រាកដជាជំហានដំបូងដ៏សំខាន់សម្រាប់ការស្វែយយល់អត្ថន័យនៃបទគម្ពីរនីមួយៗ ប៉ុន្តែបើយើងគ្រាន់តែអានព្រះគម្ពីរឱ្យលឿនៗ ឬអានតែមួយខពីរខ ឬយល់ន័យតាមតែគំនិតរបស់ខ្លួន ប្រហែលជាយើងមិនអាចយល់អត្ថន័យនៃអត្ថបទគម្ពីរឱ្យបានប្រសើរនោះទេ។ ជាមួយនឹងគ្នា ព្រះវិញ្ញាណបរិសុទ្ធក៏ប្រាកដជាគង់នៅជាមួយយើងនៅពេលដែលយើងអានព្រះគម្ពីរ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធក៏ធ្វើការតាមរយៈការសិក្សាដ៏យកចិត្តទុកដាក់របស់យើងចំពោះព្រះបន្ទូល និងឯកសារទាក់ទងនឹងការសិក្សាព្រះគម្ពីររបស់អ្នកជឿព្រះផ្សេងទៀត ដែលព្រះវិញ្ញាណបរិសុទ្ធធ្លាប់ធ្វើការបំភ្លឺការយល់ដឹងរបស់គេនៅពេលដែលគេសិក្សាព្រះបន្ទូលផងដែរ។ ដូច្នេះ យើងមិនមានមូលហេតុក្នុងការដែលមិនសិក្សាព្រះគម្ពីរឱ្យស៊ីជម្រៅដើម្បីឱ្យយល់ពីព្រះបន្ទូលនោះទេ។
ប៉ុន្តែ បើយើងចង់សិក្សាព្រះគម្ពីរឱ្យបានលម្អិត តើយើងត្រូវសិក្សាយ៉ាងដូចម្តេច? តើមានរបៀបសិក្សាព្រះគម្ពីរអ្វីខ្លះ ដែលអាចនាំឱ្យយើងមានការយល់ដឹងចំពោះព្រះបន្ទូលកាន់តែប្រសើរឡើង? តាមពិត តាំងពីមានអ្នកជឿព្រះមក សូម្បីតែនៅសម័យព្រះគម្ពីរសញ្ញាចាស់ ក៏ចាប់ផ្តើមមានការកាត់ស្រាយព្រះបន្ទូលតាមរបៀបផ្សេងៗរួចហើយ ដែលយើងគួរឱ្យគិតពិចារណា។1 ខ្ញុំមានគម្រោងណែនាំរបៀបដែលអ្នកប្រាជ្ញនៅសម័យទំនើបបានអភិវឌ្ឍមក នៅសំណេរក្រោយៗមក ប៉ុន្តែនៅក្នុងអត្ថបទនេះ ក៏ដូចជាអត្ថបទបន្តបន្ទាប់ ខ្ញុំនឹងណែនាំអំពីមូលដ្ឋានគ្រឹះទូទៅសម្រាប់សិក្សាព្រះគម្ពីរសិន។ ហើយនៅពេលដែលខ្ញុំណែនាំដល់កិច្ចការខ្លះៗនៃមូលដ្ឋានគ្រឹះនេះ ដែលអាចមានការជាប់ពាក់ព័ន្ធគ្នា ខ្ញុំនឹងណែនាំរបៀបកាត់ស្រាយផ្សេងៗដែលអ្នកប្រាជ្ញបានអភិវឌ្ឍនៅសម័យទំនើប ដើម្បីឱ្យយើងមានសមត្ថភាពក្នុងការស្វែងយល់ព្រះបន្ទូលកាន់តែស៊ីជម្រៅថែមទៀត។
សម្រាប់មូលដ្ឋានគ្រឹះនៃការសិក្សាព្រះគម្ពីរ ជាយូរឆ្នាំមកហើយ មានអ្នកជឿព្រះខ្លះលើកកម្ពស់របៀបមួយដែលហៅថា OIA មានន័យថា ការសង្កេត (Observation) ការកាត់ស្រាយ (Interpretation) និងការអនុវត្តន៍ (Application)។ របៀបនេះប្រាកដជាបានណែនាំអ្នកជឿព្រះអំពីជំហានសំខាន់ៗក្នុងការសិក្សាព្រះគម្ពីរ ប៉ុន្តែតាមបទពិសោធន៍របស់ខ្ញុំ ខ្ញុំគិតថា នៅមានកិច្ចការផ្សេងៗទៀតដែលត្រូវធ្វើជាចាំបាច់ ដើម្បីឱ្យយើងអាចស្វែងយល់ពីព្រះបន្ទូលកាន់តែច្បាស់៖2
• កំណត់អត្ថបទ
• សង្កេត និងសួរសំណួរ
• សិក្សាបរិបទនៅជុំវិញអត្ថបទ
• សិក្សាបរិបទប្រវត្តិសាស្ត្រ
• បែងចែកអត្ថបទជាមួយផ្នែកៗ
• ប្រៀបធៀបការបកប្រែ
• សិក្សាការកាត់ស្រាយពីមុនមក
• សរុបអត្ថន័យ៖ ការកាត់ស្រាយ
• ឆ្លុះបញ្ចាំងអំពីការបកស្រាយ
• អភិវឌ្ឍការកាត់ស្រាយទៅជាការអនុវត្តន៍
បងប្អូនអាចមើលឃើញថា ខ្ញុំមិនបានដាក់លេខសម្រាប់កិច្ចការនីមួយៗនោះទេ ពីព្រោះខ្ញុំគិតថា ពេលខ្លះយើងអាចត្រូវការត្រឡប់ទៅកិច្ចការមុនៗវិញ ឬផ្លោះទៅកិច្ចការក្រោយៗមកសិន ជាជាងធ្វើតាមលំដាប់នៃកិច្ចការទាំងនោះ។ ឧទាហរណ៍ បន្ទាប់ពីយើងសិក្សាការកាត់ស្រាយពីមុនមក យើងប្រហែលជាត្រូវការទៅពិនិត្យឡើងវិញនូវការសង្កេតរបស់យើង។ ឬក៏យើងប្រហែជាចង់សិក្សាការកាត់ស្រាយពីមុនមកសិន នៅពេលដែលយើងមានការស្ទាក់ស្ទើរចំពោះការកំណត់អត្ថបទរបស់យើង។
លើសពីនេះទៅទៀត ខ្ញុំក៏សូមបញ្ជាក់ថា នេះគ្រាន់តែជាការណែនាំមួយសម្រាប់ការសិក្សាព្រះបន្ទូលជាទូទៅ។ យើងអាចត្រូវការកែសម្រួលរបៀបរបស់យើងខ្លះៗ ទៅតាមលក្ខណៈនៃអត្ថបទគម្ពីរដែលយើងត្រូវសិក្សាដែរ។ ខ្ញុំសង្ឃឹមថា នៅក្នុងអត្ថបទក្រោយៗមក ខ្ញុំអាចណែនាំអំពីចំណុចពិសេសក្នុងការសិក្សាបទគម្ពីរដែលមានលក្ខណៈអក្សរសាស្ត្រផ្សេងៗ ដូចជារឿង ច្បាប់ ទំនាយ កំណាព្យ សំបុត្រ ជាដើម។
ជាចុងក្រោយ មានបងប្អូនខ្លះៗធ្លាប់សួរខ្ញុំថា បើការសិក្សាព្រះគម្ពីរត្រូវការធ្វើកិច្ចការច្រើនដូច្នេះ តើមានអ្នកណាអាចធ្វើបាន ជាពិសេស បើមនុស្សយើងសព្វថ្ងៃនេះមានភារកិច្ចផ្សេងៗទៀតជាច្រើនដែលត្រូវតែបំពេញនៅក្នុងជីវិតរបស់យើង និងការងារបម្រើព្រះរបស់យើង? ខ្ញុំចង់និយាយថា ខ្ញុំយល់ពីភាពរវល់នៃជីវិតរបស់មនុស្ស ហើយក៏គិតថានេះជាសំណួរមួយដែលគួរឱ្យសួរ ហើយគិតពិចារណា។ ប៉ុន្តែ ខ្ញុំគ្រាន់តែអាចលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាថា កិច្ចការទាំងអស់នេះមានលក្ខណៈមួយថា បើបងប្អូនកាន់តែចំណាយពេលធ្វើ បងប្អូននឹងកាន់តែស្ទាត់ជំនាញ ហើយអាចធ្វើបានកាន់តែលឿន និងកាន់តែមានផលផ្លែដែរ។ មានបងប្អូនខ្លះប្រហែលជាគិតថា ការស្វែងយល់ព្រះបន្ទូលអាចមានរបៀបដែលលឿនជាងនេះ។ ចំពោះគំនិតនេះ ខ្ញុំមិនថាចាស ឬទេនោះទេ ហើយក៏ខ្ញុំយល់ថា ពេលខ្លះ ដោយសារកាលៈទេសៈខ្លះ យើងប្រហែលជាត្រូវការរំលងកិច្ចការខ្លះៗដែរ។ ប៉ុន្តែខ្ញុំគិតថា ការដែលយើងមិនតាមផ្លូវកាត់ តែយកចិត្តទុកដាក់ចំណាយពេលសិក្សាព្រះគម្ពីរ ប្រាកដជានឹងនាំឱ្យយើងមានការរីកចម្រើនដ៏ពិតប្រាកដក្នុងការយល់ពីព្រះបន្ទូល។ ដូច្នេះខ្ញុំសូមអញ្ជើញបងប្អូនទាំងអស់គ្នាមកសិក្សា ហើយអនុវត្តកិច្ចការទាំងនេះជាមួយគ្នា ដើម្បីឱ្យយើងមានការលូតលាស់ក្នុងការសិក្សាព្រះបន្ទូល។
លេខយោង
1 មានអ្នកប្រាជ្ញជាច្រើនបានមើលឃើញថា ព្រះគម្ពីរសញ្ញាចាស់បានបង្ហាញអំពីការកាត់ស្រាយរបស់អ្នកជឿព្រះនៅសម័យសញ្ញាចាស់ ឧទាហរណ៍មួយគឺ William W. Klein, Craig L. Blomberg, and Robert L. Hubbard, Jr. “The Need for Interpretation” in Introduction to Biblical Interpretation, 3rd ed, authored by William W. Klein, Craig L. Blomberg, and Robert L. Hubbard, Jr. (Grand Rapids, MI: Zondervan, 2017), 66–69.
2 ចំណុចខាងក្រោមនេះ គឺខ្ញុំដកស្រង់ពីមេរៀនខ្ញុំដែលធ្លាប់បង្រៀនដល់និស្សិតថ្នាក់អនុបណ្ឌិតព័ន្ធកិច្ចគ្រីស្ទាននៅឆ្នាំ២០២៤–២០២៦។
ឯកសារយោង
Klein, William W., Craig L. Blomberg, and Robert L. Hubbard, Jr. Introduction to Biblical Interpretation. 3rd ed. Grand Rapids, MI: Zondervan, 2017.
មេរៀនខ្ញុំ ដែលខ្ញុំធ្លាប់បង្រៀនដល់និស្សិតថ្នាក់អនុបណ្ឌិតព័ន្ធកិច្ចគ្រីស្ទាននៅឆ្នាំ២០២៤–២០២៦។
ការសិក្សាថែមទៀត
បើបងប្អូនមានការចាប់អាម្មណ៍សិក្សាអំពីរបៀបសិក្សាព្រះគម្ពីរ និងការសង្ខេបនៃប្រវត្តិសាស្ត្រកាត់ស្រាយព្រះគម្ពីរ បងប្អូនអាចអានសៀវភៅដូចជា៖
Klein, William W., Craig L. Blomberg, and Robert L. Hubbard, Jr. Introduction to Biblical Interpretation. 3rd ed. Grand Rapids, MI: Zondervan, 2017.
Tate, W. Randolph. Biblical Interpretation: An Integrated Approach. 3rd ed. Grand Rapids, MI: Baker Academic, 2008.
សម្រាប់ប្រវត្តិសាស្ត្រនៃកាត់ស្រាយព្រះគម្ពីរដែលមានលក្ខណៈលម្អិត៖
Henning Graf, Reventlow. History of Biblical Interpretation. 4 Volumes. Translated by Leo G. Perdue, James O. Duke, Resources for Biblical Study 50, 61, 62, 63. Atlanta: SBL, 2009–2010. (បងប្អូននៅស្រុកខ្មែរអាចទាញយកដោយមិនគិតថ្លៃ៖
Paget, James Carleton, Joachim Schaper, Richard Marsden, E. Ann Matter, Euan Cameron, John Riches, eds. The New Cambridge History of the Bible. 4 Volumes. New York: Cambridge University Press, 2012–2016.
កំណត់ចំណាំ
អត្ថបទនេះគឺសរសេរដោយមានគោលបំណងក្នុងការដែលចែករំលែកចំណេះដឹងព្រះគម្ពីរ និងជំរុញបងប្អូនសិក្សាព្រះគម្ពីរ។ សូមបងប្អូនមេត្តាប្រើប្រាស់អត្ថបទនេះដោយរបៀបដែលត្រឹមត្រូវ៖
បើបងប្អូនត្រូវការប្រើប្រាស់ឬដកស្រង់អត្ថបទនេះទាំងមូល សូមមេត្តាភ្ជាប់ជាមួយនឹងព័ត៌មានរបស់អ្នកនិពន្ធនឹងគេហទំព័រ។
បើបងប្អូនចង់ដកស្រង់ផ្នែកខ្លះ ឬយោងគំនិតខ្លះ សូមយោងតាមរបៀបត្រឹមត្រូវដូចខាងក្រោមនេះ៖
ឡូ អេនណា «មូលដ្ឋានគ្រឹះនៃការសិក្សាព្រះគម្ពីរ៖ ការណែនាំ» ចលនាសិក្សាព្រះគម្ពីរ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ https://www.biblestudymovementcambodia.com/Hermeneutics/Introduction